អេស្ប៉ាញ ៖ ក្លិប Barcelona បានបញ្ជាក់ជាផ្លូវការពីការធ្វើតេសវិជ្ជមាន Covid-19 ចំនួនមួយករណីលើកីឡាកររបស់ខ្លួន មុនពេលប៉ះក្រុម Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League នៅថ្ងៃសុក្រនេះ។
ក្លិបបានបង្ហើបឱ្យដឹងថា សមាជិកចំនួន៩នាក់ដែលត្រូវ Barcelona ឱ្យទៅកាន់ក្លិបផ្សេងខ្ចីជើង បានទទួលការធ្វើតេស្តកាលពីថ្ងៃអង្គារ បន្ទាប់ពីត្រឡប់មកវិញ ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយ។ ហើយជាលទ្ធផលមកវិញ គឺវិជ្ជមានមួយករណីលើយុវជន Jean-Clair Todibo ដែលលេងក្នុងតំណែងជាខ្សែការពារកណ្តាល។
ទោះបីយ៉ាងណា ខ្សែការពារបារាំងវ័យ២០ឆ្នាំរូបនេះ មិនមានឈ្មោះក្នុងបញ្ជីក្រុមចុងក្រោយរបស់លោក Quique Setien និងមិនបានមានទំនាក់ទំនងជាមួយកីឡាករណាម្នាក់ក្នុងក្រុមឈុតធំ ដែលនឹងត្រូវប្រកួតជាមួយក្រុម Bayern នៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់នោះទេ។
រំលឹកជូនថា Jean-Clair Todibo ត្រូវបានក្លិប Schalke 04 នៅលីគកំពូលអាល្លឺម៉ង់ Bundesliga ខ្ចីជើងកាលពីខែមករា ឆ្នាំ២០២០កន្លងទៅ។ ហើយនៅទីនោះគេបង្ហាញខ្លួនបាន ១០ប្រកួត និងធ្លាប់ទទួលការបោះឆ្នោតពីអ្នកគាំទ្រ ក្លាយជាកីឡាករល្អប្រចាំខែផងដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព