រាជធានីភ្នំពេញ ៖ កីឡាករកីឡាការិនីល្បុក្កតោមិនតិចទេដែលថ្ងូរថា ហាត់ល្បុក្កតោទម្រាំបានចេះ ចំណាយពេលច្រើន គ្មានពេលរកលុយ តែដល់ពេលចេះហើយ ក៏រកលុយមិនបាន ។ ជាក់ស្ដែងកីឡាការិនីល្បុក្កតោម្នាក់ គឺកញ្ញា ពេជ្រ ចរណៃ ទើបតែអះអាងថា ដោយសារពុះពារក្នុងអាជីពនេះ ដល់ថ្នាក់គ្មានលុយជូនម្ដាយចូលពេទ្យ និងចង់ដាច់បាយម្ដងៗទៅហើយ ។ ជាមួយនឹងបញ្ហាចោទផ្នែកជីវភាពលើកីឡាករភាគច្រើននេះ មន្ត្រីសហព័ន្ធបានអះអាងថា ខ្លួនក៏មើលឃើញមិនខុសគ្នាផងដែរ ដោយសារតែកីឡាករល្បុក្កតោមិនមានទីផ្សារឡើងប្រកួតយកលុយដូចប្រដាល់។
យ៉ាងណាមិញ សហព័ន្ធក៏កំពុងខិតខំពង្រីកខ្លួននៅក្នុងវិស័យផ្សេងៗ ដើម្បីដាក់ពង្រាយអ្នកមានជំនាញឱ្យមានឱកាសរកចំណូលផងដែរ ដោយសហព័ន្ធចាត់ទុកថា បើកីឡាករជំនាញៗបានចេញសកម្មភាពច្រើន ក៏មានន័យថា កីឡាករភាគច្រើននឹងមានចំណូលផ្គត់ផ្គង់ជីវភាពបានខ្លាំងផងដែរ។ការយល់ឃើញនេះ គឺត្រូវបានលើកឡើងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនថ្មីអន្ដរាគមន៍ពិសេសបន្ទាប់ពីក្បាច់គុនល្បុក្កតោត្រូវបានកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សហការឱ្យមានការបង្វឹកដល់កងទាហាន ។ នេះជាកិច្ចសហការល្អរវាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដោយមានសិក្ខាកាមចូលរួមសរុបជិត ១០០នាក់ ខណៈពេលពិធីបិទក៏មានការចូលរួមជាអធិបតីពីលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។
អគ្គលេខាធិការសហព័ន្ធ លោក អ៊ូ តារា បានបង្ហាញនូវក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការរួមចំណែកជាមួយវិស័យកងទ័ព តាមរយៈការចែករំលែកបទពិសោធន៍របស់គុនល្បុក្កតោ ដោយលោកបានចាត់ទុកថា ការសហការគ្នានេះ មិនមែនគ្រាន់តែជួយឱ្យក្បាច់គុនល្បុក្កតោកាន់តែមានការទទួលស្គាល់នោះទេ តែក៏ជាការដាក់ពង្រាយអ្នកមានជំនាញក្នុងវិស័យមួយនេះឱ្យមានសកម្មភាព ដែលមិនខុសពីចូលរួមលើកកម្ពស់តម្លៃ និងជីវភាពកីឡាករភាគច្រើន ឱ្យមានភាពប្រសើរឡើងនោះទេ ។
ជាក់ស្ដែងមានគ្រូបង្វឹក និងកីឡាករច្រើននាក់មកហើយ ដែលត្រូវបានបញ្ជូនឱ្យប្រចាំការហ្វឹកហាត់នៅតាមស្ថាប័នរដ្ឋ និងជួរទាហានមួយចំនួន ដោយអ្នកជំនាញទាំងនោះ អ្នកខ្លះក៏ត្រូវបានបញ្ចូលក្នុងជួរកងទ័ព ។ លោកថា រយៈពេល៤ឆ្នាំកន្លងមក ដែលសហព័ន្ធបានសហការជាមួយកងយោធពលខេមរភូមិន្ទ សហព័ន្ធបានបញ្ជ្រាបក្បាច់គុនរបស់បុព្វបុរសខ្មែរនេះ ដល់កងទ័ពជាច្រើន ពិសេសដោយមានការគាំទ្ររបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ ទាំងអស់នេះគឺជាការប្រឹងប្រែងរបស់សហព័ន្ធ ដើម្បីឱ្យកីឡាករកីឡាការិនីកាន់តែមានទឹកចិត្ត ។
យ៉ាងណាមិញលោកទទួលស្គាល់ថា ក្នុងចំណោមអ្នកជំនាញផ្នែកល្បុក្កតោទាំងនោះ ក៏នៅមានមួយចំនួនមានបញ្ហាផ្នែកជីវភាពផងដែរ ដោយសារតែចំណូលពីការបង្ហាត់និងការសម្ដែងនៅមិនទាន់ខ្ពស់។ ក្នុងនោះអ្នកដែលមិនត្រូវបានសហព័ន្ធដាក់សកម្មភាពឱ្យធ្វើ ក៏រឹតតែមានបញ្ហាជីវភាព ។ លោកទទូចឱ្យអ្នកទាំងអស់គ្នាតស៊ូដោយសារតែក្នុងពេលខាងមុខ អ្នកមានជំនាញល្បុក្កតោពិតប្រាកដអាចមានការងាររកពេលទំនេរមិនបាននោះផង ។
លោកអគ្គលេខាធិការរូបនេះបន្ដទៀតថា ក្នុងដំណើរអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោ នៅក្នុងវិស័យការពារជាតិនេះ សហព័ន្ធមិនត្រឹមតែមានវគ្គបំប៉នជាបន្ដបន្ទាប់នោះទេ តែសហព័ន្ធក៏កំពុងដំណើរការរៀបចំចងក្រងឯកសារសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ ហើយបាននិងកំពុងរៀបចំជាឯកសារវីដេអូសម្រាប់បង្កភាពងាយស្រួលក្នុងការផ្ទេរនូវជំនាញក្បាច់គុនក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងបណ្តុះបណ្តាលយោធាចារ្យក្បាច់គុន សម្រាប់បំពេញតម្រូវការរបស់អង្គភាពកងកម្លាំងនានាផងដែរ ។ ក្រៅពីនោះ សហព័ន្ធក៏ពង្រឹងសកម្មភាពនៅក្នុងវិស័យកីឡាផងដែរ។
សូមបញ្ជាក់ថា ជាចក្ខុវិស័យនិងគោលការណ៍ រួមរបស់សហព័ន្ធកីឡាគុនល្បុក្កតោ កម្ពុជា គឺ រួមគ្នាអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោដែលជា ក្បាច់គុនអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ព្រលឹង ជាតិ និងក៏ជាកីឡាអត្តសញ្ញាណជាតិផងដែរ។
នេះជាការលើកឡើងរបស់លោកបណ្ឌិត ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ កម្ពុជា កាលពីពេលថ្មីៗ កន្លងមកនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារ និងទិសដៅអនុវត្ត បន្តក្នុងឆ្នាំ២០២០ ។ លោកបានមានប្រសាសន៍ ដោយស្នើសុំការយោគយល់ពីព្រឹទ្ធាចារ្យ និង លោកគ្រូ អ្នកគ្រូ សិស្សគុនល្បុក្កតោទាំងអស់ ឲ្យយកស្មារតីជាតិ ស្មារតីព្រលឹងដូនតាមក តម្កល់ឲ្យខ្ពស់ បង្រួបបង្រួមគ្រួសារគុនល្បុក្កតោឲ្យ មានការឯកភាពជាធ្លុងមួយក្នុងការពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង ចាប់ពីពេលនេះតទៅ ដើម្បី ជោគជ័យ នៃគុនល្បុក្កតោក្នុងដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព