ព័រទុយហ្គាល់ ៖ គ្រូបង្វឹករបស់ក្រុម PSG លោក Thomas Tuchel បាននិយាយនៅមុនការប្រកួតរាត្រីនេះ ថាខ្សែប្រយុទ្ធ Kylian Mbappe បានត្រៀមបង្ហាញខ្លួនជួយក្រុម សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយក្នុងក្របខណ្ឌ Champions League ទល់នឹងក្រុម Atalanta ក្នុងទីក្រុង Lisbon នារាត្រីថ្ងៃពុធនេះ។
សូមរំលឹកថា ខ្សែប្រយុទ្ធបារាំងវ័យ ២១ឆ្នាំរូបនេះ បានរងរបួសកជើងខាងស្តាំធ្ងន់ធ្ងរ អំឡុងពេលការប្រកួតដណ្តើមពានរង្វាន់ French Cup វគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Saint-Etienne កាលពីថ្ងៃទី២៤ កន្លងទៅ។ ហើយដើមឡើយបើតាមការបញ្ជាក់ពី PSG បានឱ្យដឹងថា Mbappe អាចនឹងត្រូវឃ្លាតឆ្ងាយពីទីលានប្រកួតរយៈពេល៣សប្តាហ៍ ឬច្រើនជាងនេះ។
លោក Tuchel បានថ្លែងប្រាប់អ្នកយកព័ត៌មានថា «ប្រសិនបើការហ្វឹកហាត់គេធ្វើបានល្អ នៅល្ងាចថ្ងៃអង្គារ ហើយគ្មានបញ្ហាអ្វី គេនឹងចូលរួមជាមួយក្រុមនៅថ្ងៃពុធនេះ។ យើងពិតជារីករាយណាស់ ដែលមានលទ្ធភាពបញ្ចប់ការប្រកួតជាមួយ Kylian នៅលើទីលាន ពីព្រោះគេគឺជាដៃគូមិនអាចខ្វះបានជាមួយ Neymar»។ ទោះយ៉ាងណាគ្រូបង្វឹកបុរសអាល្លឺម៉ង់វ័យ ៤៦ឆ្នាំរូបនេះ ក៏បានលើកឡើងថា Mbappe នឹងត្រូវដាក់អោយជាកីឡាករបម្រុង សម្រាប់ការប្រកួតតទល់ជាមួយក្រុមមកពីប្រទេសអ៊ីតាលីខាងលើ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព