បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅមកអប់រំ និងចុះកិច្ចសន្យា ហាមមិនឱ្យសកម្មភាពផ្សាយព័ត៌មានមិនពិត live តាមហ្វេសប៊ុក ឬការសរសេរណាមួយ ដែលនាំឱ្យមានភាពចលាចលដល់ប្រជាពលរដ្ឋនោះឡើយ។
ជុំវិញរឿងនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីពាក់ព័ន្ធ បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ សំ កុម្ភ: ដែលបានយកវីដេអូចាស់ មកធ្វើដូចផ្សាយផ្ទាល់ (Live Steam) ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចលក្នុងសង្គម ។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី បុរសឈ្មោះ សំ កុម្ភៈ ជាម្ចាស់គណនីហ្វេសប៊ុកផេក TCB អលចនទ្រព្យកម្ពុជានៅរាជធានីភ្នំពេញ បានយករូបភាពវីដេអូ ករណីឆេះផ្ទះប្រជាពលរដ្ឋ ដែលបានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន យកមកធ្វើការបង្ហោះឡាយជាវីដេអូ (Live Steam)។
តាមការសាកសួរ ជនខាងលើនេះ បានlive video ចាស់ គឺក្នុងគោលបំណងចង់ឲ្យមានភាពទាក់ទាញខ្លាំង ដែលធ្វើអោយសាធារណជនមានការភ័ណ្ឌច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចលក្នុងសង្គមផងដែរ។
ក្រុមមន្ត្រីជំនាញ បានកោះហៅឲ្យចូលខ្លួនមកធ្វើការបំភ្លឺ លើករណីនេះ បុរសម្នាក់នេះបានសារភាពកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ៕ ដោយ៖ត្នោត