មានអ្នកបួសមួយចំនួនតូចដែលត្រូវអវិជ្ជាគ្របសង្កត់ច្រើនតែប្រកាន់ជឿលើមន្តអាគមដូចជា ស្រោចទឹក ចងខ្សែ បន់ស្រន់ ស្រោចទឹករំដោះគ្រោះ ស្តោះព្រួសអ្នកជំងឺ បួងសួងសុំនេះសុំនោះជាដើម សុទ្ធតែស្ថិតក្នុងចំពូកអ្នកបួសដែលប្រកាន់ជំនឿឆ្វេង ។
តាមពិតទៅអវិជ្ជានេះមិនមែនកើតមានតែលើគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែងទេ អ្នកបួសមួយចំនួនដែលរស់នៅអាស្រ័យនឹងព្រះពុទ្ធសាសនាផ្ទាល់ក៏រៀនតិរច្ឆានវិជ្ជាទាំងនេះដើម្បីលាភសក្ការៈដែរ ។
តែប្រសិនបើអ្នកបួសទាំងនោះបានអាស្រ័យនឹងធម៌វិន័យរបស់ព្រះមានព្រះភាគច្រើន អវិជ្ជាក៏មិនសូវគ្របសង្កត់ខ្លាំង តែប្រសិនបើមិនបានយកធម៌វិន័យមកឃុំគ្រងទេ អវិជ្ជាក៏គ្របសង្កត់ខ្លាំងរហូតធ្វើឲ្យអ្នកបួសទាំងនោះជឿក្នុងរឿងមង្គលភ្ញាក់ផ្អើលផ្សេងៗ មានការបន់ស្រន់ ស្រោចទឹក ជម្រះគ្រោះចង្រៃជាដើម ដែលជាជំនឿឆ្វេង គឺផ្ទុយគ្នាស្រឡះអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ហាមប្រាមអ្នកបួសមិនឱ្យរៀនតិរច្ឆានវិជ្ជាប្រព្រឹត្តអនេសនៈ២១និងបាបធម៌៥នាំឱ្យសីលមិនបរិសុទ្ធ ។ ដោយ៖កោះសន្តិភាព