ខ្សែបម្រើ Sami Khedira បាននិយាយថាខ្លួនចង់សម្រេចក្តីសុបិន្តក្នុងការឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Juventus ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។
អតីតខ្សែបម្រើក្លិប Real Madrid រូបនេះ បានផ្លាស់មកចូលរួមជាមួយក្លិប Juventus កាលពីឆ្នាំ២០១៥ ហើយជួយឱ្យក្លិបឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី Serie A ចំនួន៤សម័យកាល និងពានរង្វាន់ក្នុងស្រុកជាច្រើនទៀតផងដែរ។ រីឯពានរង្វាន់ក្របខណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champions League វិញ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ងរូបនេះ នៅមិនទាន់បានឈ្នះវាជាមួយក្រុមនៅឡើយទេ ខណៈពេលដែលខ្លួនគេកាន់តែមានវ័យជ្រេបន្តិចទៅហើយ។
សម្រាប់រដូវកាលនេះ ក្រុម Juventus កំពុងលេងនៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយក្រុម Lyon ក្នុងពានរង្វាន់ Champions League ដោយជើងទី១ប្រកួតចាញ់ក្នុងលទ្ធផល១-០ ខណៈពេលដែលជើងទី២គ្រោងនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។
យ៉ាងណាមិញ កីឡាករ Khedira បានបង្ហោះសារក្នុងគណនី Instagram របស់ខ្លួនថា៖ “ខ្ញុំបានឈ្នះអ្វីៗស្ទើរតែទាំងអស់នៅទីនេះ (Juventus) ប៉ុន្តែនៅមានពានរង្វាន់មួយដែលខ្ញុំមិនទាន់បានឈ្នះវានៅឡើយ។ ក្តីសុបិន្តរបស់ខ្ញុំគឺ ចង់ឈ្នះជើងឯក Champion League ជាមួយ Juventus ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀត។ វាមិនមែនគ្រាន់តែជាក្តីសុបិន្តរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែសមាជិកក្នុងក្រុមរបស់យើងទាំងអស់ក៏មានក្តីសុបិន្តដូចគ្នាដែរ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore