គ្រប់រថយន្តទាំងអស់តែងតែមានបំពង់ស៊ីម៉ាំង ១ ឬក៏ ២ សម្រាប់ជួយស្រូបផ្សែងចំហេះចេញពីក្នុងម៉ាស៊ីន និងធ្វើឲ្យវាមានដំណើរការទៅមុខបានរលូន។ នៅក្នុងបំពង់ស៊ីម៉ាំងមានផ្នែកសំខាន់ៗ ៣ ទៀត ដែលជួយឲ្យម៉ាស៊ីនដំណើរការបានល្អ ដូចជា Muffler សម្រាប់កាត់បន្ថយសំឡេងកុំឲ្យលាន់ខ្លាំងពេក, Manifold សម្រាប់ឲ្យខ្យល់ពីគ្រប់ស៊ីឡាំងទាំងអស់រត់តាមទុយោ និង Catalytic Converter សម្រាប់បម្លែងផ្សែងពុលឲ្យមានសុវត្ថិភាពជាងមុន ពេលបញ្ចេញទៅខាងក្រៅ។ ចំពោះរថយន្តដែលមានបំពង់ស៊ីម៉ាំង ២ វាមានទុយោសម្រាប់នាំផ្សែងចេញចំនួន ២ កន្លែង ដោយចំណុចនេះវាមានទាំងគុណសម្បត្តិ និងគុណវិបត្តិបើប្រៀបធៀបទៅនឹងបំពង់ស៊ីម៉ាំង ១ ដូចខាងក្រោម៖
គុណសម្បត្តិ៖
-មិនសូវស៊ីសាំង៖ ម៉ាស៊ីនរត់ដោយមានបំពង់ស៊ីម៉ាំង ២ ធ្វើការបានល្អជាងបំពង់ស៊ីម៉ាំង ១ ដោយសារវាកាត់បន្ថយសម្ពាធបានលឿនព្រោះផ្សែងមានច្រក ២ ដើម្បីចេញ។ ដូច្នេះវាធ្វើឲ្យម៉ាស៊ីនមិនសូវប្រឹងខ្លាំង ជាហេតុធ្វើឲ្យវាស៊ីសាំងតិចជាងរថយន្ត ដែលប្រើបំពង់ស៊ីម៉ាំង ១។
-មានកម្លាំងខ្លាំង ៖ ដោយសារតែផ្សែងត្រូវបានយកចេញបានលឿនជាងក្នុងម៉ាស៊ីនរថយន្ត ដែលប្រើបំពង់ស៊ីម៉ាំង ២ នោះអានុភាពនៃម៉ាស៊ីនរថយន្តក៏កើនទៅតាមហ្នឹងដែរ។ កម្លាំងសេះក្នុងម៉ាស៊ីនរថយន្តដែលប្រើបំពង់ស៊ីម៉ាំង២ ខ្លាំងជាងបំពង់ស៊ីម៉ាំង ១ ដល់ទៅ ២០ភាគរយឯណោះ។
-សីតុណ្ហភាពម៉ាស៊ីនល្អ ៖ ដោយសារតែគុណសម្បត្តិក្នុងការបញ្ចេញផ្សែងពីក្នុងម៉ាស៊ីនបានលឿន វាធ្វើឲ្យម៉ាស៊ីនរក្សាសីតុណ្ហភាពបានល្អ មិនឡើងកម្ដៅខ្លាំងហួសហេតុ។ ដូចនេះ វាធ្វើឲ្យម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូរជាងធម្មតា បើធៀបទៅនឹងរថយន្តដែលប្រើបំពង់ស៊ីម៉ាំង ១។
-សំឡេងងំល្អ ៖ ច្បាស់ណាស់ថា រថយន្តដែលប្រើប្រាស់បំពង់ស៊ីម៉ាំង ២ មានសំឡេងធ្ងន់ និងលាន់ល្អជាងរថយន្តដែលប្រើប្រាស់បំពង់ស៊ីម៉ាំងតែ ១។ ប្រការនេះ អាចជាការពេញចិត្តរបស់អ្នកប្រើប្រាស់រថយន្តមួយចំនួន ដែលចង់បានសំឡេងខ្លាំងពេលបើកបរ។
គុណវិបត្តិ ៖
-មានតម្លៃថ្លៃ ៖ការបំពាក់បំពង់ស៊ីម៉ាំង ២ មានតម្លៃថ្លៃជាងការបំពាក់បំពង់ស៊ីម៉ាំង ១ ដោយសារវាត្រូវមានផ្នែកបំពាក់បន្ថែមដូចជាទុយោជាដើម។
-អាយុកាលប្រើប្រាស់រាងខ្លី ៖ ដោយសារតែបំពង់ស៊ីម៉ាំង ២ មិនសូវក្ដៅខ្លាំងដូចបំពង់ស៊ីម៉ាំង ១ ផ្សែងដែលចេញមកតាមបំពង់ស៊ីម៉ាំង អាចបង្កជាសំណើម ហើយបង្កឲ្យមានច្រែះបាន។ ដូចនេះ បើធៀបទៅនឹងបំពង់ស៊ីម៉ាំង ១ រថយន្តដែលប្រើបំពង់ស៊ីម៉ាំង ២ មានអាយុកាលប្រើប្រាស់ខ្លីជាង។
-សំឡេងងំ ៖ ហេតុផលនេះ ដើរតួទាំងពីរ ជាគុណសម្បត្តិផង និងជាគុណវិបត្តិផង ព្រោះបើមានអ្នកខ្លះចូលចិត្តសំឡេងខ្លាំង ក៏មានអ្នកបើកបរខ្លះមិនចូលចិត្តឲ្យសំឡេងរថយន្តខ្លួនរំខានគេខ្លាំងដែរ។