នាយកប្រតិបត្តិក្រុមហ៊ុន Broadcom ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ធំមួយរបស់ Apple មានផ្គត់ផ្គង់ដូចជាឈីប Wi-Fi សម្រាប់ iPhone បានឲ្យដឹងថា iPhone 12 នឹងមានការពន្យារពេលការចេញលក់ មិនអាចចេញលក់នៅខែកញ្ញាដូចរាល់ឆ្នាំនោះទេ។ ក្នុងកិច្ចប្រជុំដែលប្រកាសអំពីលទ្ធផលចំណូលចំណាយរបស់ក្រុមហ៊ុន លោក Hock Tan ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Broadcom បានពិភាក្សាលើការពន្យារពេលចេញលក់ផលិតផល របស់អតិថិជនដែលជាក្រុមហ៊ុនទូរសព្ទធំមួយនៅអាមេរិកខាងជើង។ ត្បិតថាមិនបានបញ្ជាក់ឈ្មោះពិត ប៉ុន្តែគេដឹងថាលោកសំដៅលើក្រុមហ៊ុន Apple។
ដោយសារមានការពន្យារពេលបែបនេះ មានន័យថាប្រាក់ចំណូលរបស់ Broadcom ប្រចាំត្រីមាសទី ៣ រំពឹងថានឹងមានការធ្លាក់ចុះ ហើយវានឹងងើបឡើងវិញនៅត្រីមាសទីបួន ពេលដែល iPhone 12 ចេញលក់។ ដំណឹងនៃការពន្យារពេលការចេញលក់នេះគឺដូចគ្នានឹងអ្វីដែលគេបានឮចេញពីប្រភពដទៃដូចជា WSJ, Bloomberg និងអ្នកវិភាគ Ming-Chi Kuo ក្នុងពេលប៉ុន្មានខែចុងក្រោយនេះដែរ។ ការយល់ឃើញនាពេលបច្ចុប្បន្ននេះគឺ Apple អាចនឹងចេញលក់ iPhone 12 នៅក្នុងខែតុលា យឺតជាងធម្មតាមួយខែ។ ទោះបីជាពន្យារពេលការចេញលក់ ក៏គេរំពឹងថា Apple នឹងបង្ហាញចេញ iPhone ថ្មីនៅខែកញ្ញាដូចដែលបានធ្វើកន្លងមក ដោយមួយខែក្រោយទើបបញ្ចេញលក់។ ឬ Apple អាចបញ្ចេញលក់ iPhone 12 ជាដំណាក់កាល ដូចដែលបានធ្វើជាមួយ iPhone XR និង iPhone X៕