បើនិយាយដល់ជ្រក់ត្រសក់ស្រូវវិញ អ្នកណាក៏ចូលចិត្តញ៉ាំដែរ ផ្ទះខ្លះវិញមានដាក់នៅក្នុងទូរទឹកកកជាប់មិនដាច់ទេ។ ម៉ោះ កុំពិបាកទៅទិញគេទៀត
ណាមួយទិញគេ ខ្លាចគេធ្វើអត់អនាម័យ ហើយខ្លាចទិញប៉ះរបស់សល់ទៀត ឥឡូវមករៀនធ្វើខ្លួនឯងវិញ ទុកញ៉ាំក៏បាន ចង់ធ្វើលក់ក៏បានដែរ។
គ្រឿងផ្សំ
- ត្រសក់ស្រូវ ១គីឡូ
- អំបិល ១ ស្លាបព្រាបាយ
- ទឹកសុទ្ធ កន្លះលីត្រ
- ស្ករត្នោត ៤ស្លាបព្រាបាយ
- ម្ទេសគ្រាប់ តាមចូលចិត្ត
- រំដេង ១មើម
- ខ្ទឹមស ១មើមធំ
- ទឹកត្រី ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- ដុំស៊ុបមាន់ ១ដុំតូច
វិធីធ្វើ
១. លាងត្រសក់ឲ្យស្អាត រួចហាន់វាតូចៗទៅតាមទំហំដែលចង់បានរួចប្រឡាក់ជាមួយអំបិលប្រហែល ១០នាទី រួចយករបស់ធ្ងន់សង្កត់ឲ្យអស់ទឹកប្រហែលកន្លះម៉ោង ហើយលាងទឹកឲ្យស្អាត។
២. ចាក់ស្ករត្នោតចូលខ្ទះកូររហូតទៅជាស្ករតាំងម៉ែ ដាក់ទឹកស៊ីអ៊ីវ ទឹកត្រី ដុំស៊ុប រំដេង ខ្ទឹមស ចូល រួចកូរឲ្យសព្វ បន្ទាប់មកចាក់ទឹកចូលទុកឲ្យពុះ រួចទុកវាឲ្យត្រជាក់។
៣. ដាក់ត្រសក់ទៅក្នុងក្រឡហើយចាក់ទឹកស្ករចូល។
៤. ចាក់ម្ទេសដែលហាន់រួចពីលើ បន្ទាប់មកគ្របគម្របឲ្យជិត ទាល់តែត្រសក់មានរសជាតិជូរ។
៥. ភាគច្រើនជ្រក់ត្រសក់ស្រូវនេះគឺមានរសជាតិ ជូរអែម តែបើយើងមិនចង់ប្រើស្ករត្នោត យើងអាចប្រើស្ករសក៏បានដែរ។ បើចង់ឆាប់ជូរ អាចច្របាច់ទឹកក្រូចឆ្មារថែមបន្តិច។ កុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណា ធ្វើហើយធានាថាញ៉ាំជក់មាត់៕
ប្រភព: Der Sabay