កម្មករកម្មការិនីប្រមាណ៥០នាក់ តំណាង២៧០នាក់ ដែលបំរើការងារនៅរោងចក្រកាត់ដេរ សឺពីយ៉ា ខេមបូឌា ហ្គាមិនខូអិលធីឌី បានប្រមូលផ្តុំគ្នា នៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការទាមទារឱ្យថៅកែបើកប្រាក់ខែ និងប្រាក់ចំណាច់ឆ្នាំ។
ការតវ៉ានេះ បានកើតឡើងកាលពីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយកម្មករ កម្មាការីនីបានជួបប្រមូលគ្នានៅមុខទីតាំងរោងចក្រ ដែលស្ថិតនៅភូមិចាក់ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ រួចដង្ហែជាក្បួនទៅកាន់ក្រសួងការងាររហូតមកដល់មុខ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ត្រូវបានសាលាខណ្ឌពោធិ៍សែនជ័យ ជួលរថយន្ត២គ្រឿង ដឹកមកដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹក។
ជុំវិញរឿងនេះ មន្ត្រីក្រសួងការងារបានចេញមកដោះស្រាយ និងធ្វើការណែនាំដល់កម្មករ ឱ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញ៕ ដោយ៖ត្នោត