បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងព្រៃខាងក្រោយស្ថានីយ៍រថភ្លើង Nam Tok ក្នុងស្រុក Sai Yok ខេត្ត Kanchanaburi កាលពីថ្ងៃអង្គារ។
ប៉ូលិស គ្រូពេទ្យមកពីមន្ទីរពេទ្យ Sai Yok និងក្រុមសង្គ្រោះបន្ទាន់មកពីមូលនិធិសប្បុរសធម៌ក្នុងតំបន់បានដើរប្រហែល ១ គីឡូម៉ែត្រចូលទៅក្នុងព្រៃនៅខាងក្រោយស្ថានីយ៍រថភ្លើងបន្ទាប់ពីមានការរាយការណ៍អំពីជនរងគ្រោះនៅម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច។
ពេលទៅដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញបុរសម្នាក់ចងកទម្លាក់ខ្លួនពីដើមឈើធំមួយដែលមានកម្ពស់ប្រហែល ២.៥ ម៉ែត្រពីដី។ បុរសរងគ្រោះមានអាយុប្រហែល ៦០ ឆ្នាំ ស្លៀកខោខៅប៊យពណ៌ខៀវ អាវយឺតពណ៌ប្រផេះ ពាក់ស្បែកជើងពណ៌ខ្មៅ មួកពណ៌ខៀវ និងមានកាបូបស្ពាយពណ៌ខ្មៅមួយ។ ជនរងគ្រោះបានស្លាប់ប្រហែល ៤ ម៉ោងហើយមុនការរកឃើញ។ នៅលើខ្លួនជនរងគ្រោះ គេពុំឃើញមានឯកសារបញ្ជាក់អត្តសញ្ញាណណាមួយនោះឡើយ។ ទន្ទឹមនឹងនេះ គេរកមិនឃើញស្នាមជាំដែលបញ្ជាក់ថាមានអំពើហិង្សាទេ។
អ្នកភូមិម្នាក់ឈ្មោះថា Somchai បាននិយាយថា គាត់បានប្រទះឃើញសាកសពចងកនៅលើដើមឈើ ខណៈពេលដែលគាត់កំពុងរកមើលគុម្ពឬស្សីនៅក្នុងតំបន់នោះ។ ដោយតក់ស្លុតពេកគាត់ក៏បានរត់ចេញពីព្រៃហើយជូនដំណឹងដល់ប៉ូលិសល្បាតនៅឃុំ tambon Thasao។ ក្រុមល្បាតបានរាយការណ៍ទៅប៉ូលិសស្រុក Sai Yok ។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Sai Yok ដើម្បីធ្វើកោសល្យវិច័យរកមូលហេតុនៃការស្លាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post