មនុស្សទាំងអស់ដែលកើតមកក្នុងលោកនេះជាជីវិតងងឹតស្រាប់ទៅហើយ គឺព្រោះត្រូវសេចក្តីទុក្ខគ្របសង្កត់រាល់ថ្ងៃ ងងឹតព្រោះត្រូវកិលេសបាំងភ្នែកជិតអស់ទៅហើយតែបើមាននូវសេចក្ដីប្រមាថធ្វេសប្រហែសបន្ថែមទៀត តើជីវិតនេះនឹងក្លាយទៅជាយ៉ាងណា ?
ព្រោះតែមនុស្សស្ទើរទាំងអស់មានជីវិតរស់នៅក្នុងភាពអន្ធការយ៉ាងនេះហើយ ទើបព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់សម្ដែងថា សព្វសត្វដែលរស់នៅក្នុងលោកិយនេះ ជាមនុស្សដែលត្រូវកិលេសបាំងភ្នែកងងឹតមើលសេចក្តីទុក្ខលែងឃើញ បណ្ដាជនទាំងនោះ មានជនតិចនាក់ណាស់ដែលឃើញច្បាស់នូវសេចក្តីទុក្ខដែលកើតអំពីខន្ធប្រាំ និងមានជនតិចណាស់ដែលទៅកាន់សុគតិភព ។
សេចក្តីនេះប្រៀបបាននឹងហ្វូងសត្វស្លាបដែលជាប់ក្នុងសំណាញ់របស់ព្រាន គឺមានសត្វតិចណាស់ដែលរួចអំពីសំណាញ់យ៉ាងណា អ្នកប្រព្រឹត្តល្អទៅកាន់ទេវលោកក៏យ៉ាងនោះដែរ ។ ដោយ៖កោះសន្តិភាព