សហរដ្ឋអាមេរិក ៖ ការប្រកួតរវាងអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Mike Tyson ជាមួយនឹងអតីតម្ចាស់ជើងឯកពិភពលោក ៤ប្រភេទទម្ងន់ផ្សេងគ្នាលោក Roy Jones Jr. ដែលដើមឡើយនឹងត្រូវរៀបចំឡើងនៅខែក្រោយ ប៉ុន្តែត្រូវលើកទៅចុងខែវិច្ឆិកាវិញ។ នេះបើយោងតាមសម្តីរបស់អ្នករៀបចំព្រឹត្តិការណ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនរៀបចំ Triller បានប្រកាសថា ការប្រកួតដែលត្រូវធ្វើឡើងនៅក្នុងទីក្រុង Los Angeles នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា វិញ ដើម្បីស្របគ្នានឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍របស់សហរដ្ឋអាមេរិក Thanksgiving ។
បើទោះបីជាត្រូវផ្លាស់ប្តូរកាលបរិច្ឆេទប្រកួត ប៉ុន្តែ Mike Tyson ដែលមានវ័យ ៥៤ឆ្នាំបាននិយាយថា «ការផ្លាស់ប្តូរកាលបរិច្ឆេទរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកគាំទ្រ ក្នុងការមើលឃើញការត្រឡប់មកវិញដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់។
ដោយឡែកងាកទៅលោក Roy Jones ដែលឈានដល់វ័យ ៥១ឆ្នាំ និងជាអតីតកំពូលអ្នកប្រដាល់ ដែលបានឈ្នះជើងឯកពិភពលោក ៤ប្រភេទទម្ងន់ផ្សេងគ្នា ក៏បានស្វាគមន៍ចំពោះការផ្លាស់ប្តូរកាលបរិច្ឆេទនេះផងដែរ។ ដោយលោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ហើយខ្ញុំនៅតែត្រៀមខ្លួនជាស្រេច។ ថ្ងៃទី២៨ ខែវិចិ្ឆកា នឹងក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល»៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព