ក្រុមទាហានថៃគ្រោងចាប់បញ្ជូនពលករខ្មែរ ចំណាកស្រុកចំនួន២០នាក់ ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីថៃបានធ្វើការឃាត់ខ្លួន ខណៈពេលពលករទាំងនោះ បានលួចឆ្លងដែនចូលក្នុងទឹកដីថៃខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើ។
ហេតុការណ៍ឃាត់ខ្លួនពលករទាំង២០នាក់នេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅក្នុងស្រុកតាប្រយ៉ា ខេត្តស្រះកែវ ។
បើតាមមន្ត្រីទាហានថៃបានប្រាប់ឱ្យដឹងថា ពលករខ្មែរចំណាកស្រុកដែលត្រូវទាហានថៃ ឃាត់ខ្លួនចំនួន២០នាក់នេះ មានប្រុស១៤នាក់ ស្រី៦នាក់។ ពួកគាត់បានឆ្លងដែនខុសច្បាប់ ចូលក្នុងភូមិសាស្គ្រស្រុកថ្មពួក ចូលទៅក្នុងទឹកដីថៃ ដើម្បីទៅរកការងារធ្វើនៅក្រុងបាងកកប្រទេសថៃ ហើយនៅពេលឆ្លងដែនចូលដល់កណ្តាលព្រៃទឹកដីថៃ ក៏ត្រូវកម្លាំងយោធាថៃឃាត់ខ្លួនតែម្តង។
ពលករខ្មែរដែលត្រូវបានយោធាថៃឃាត់ខ្លួន គ្រោងបញ្ជូនមកវិញតាមច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ ដែលមានក្រុមគ្រូពេទ្យចត្តាឡីស័កត្រួតពិនិត្យ រួចហើយបញ្ចូនទៅតាមមូលដ្ឋានរបស់ខ្លួនវិញ៕ ដោយ៖ ត្នោត