សង្ស័យសុំស្នេហ៍ម្ចាស់ហាងមិនបានលោកផ្កាយ១ម្នាក់បានគំរាមផ្ទុះអាវុធផ្អើលអ្នកផឹកស៊ីក្នុងហាងរត់ចែកជើងគ្នា
ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែសីហាង ឆ្នាំ២០២០ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយចេញពីហាងផឹកស៉ីវិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដោយមានបុរសម្នាក់ស្លៀកស៉ីវិលដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាក លុចសុីស ពណ៌ស្ករ ស្លាកលេខ នគរបាល 2-7119 បានចូលទៅហាងផឹកស៊ីខាងលេី ហើយក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាងនិងបានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក់មួយដើមគំរាមបាញ់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗរត់ចែកជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្រោយពេលសមត្ថកិច្ចចុះទៅដល់កន្លែងភ្លាមជនបង្កបានឡើងរថយន្តបើកគេចចេញពីកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមនធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនោះបាន ក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនបង្កនោះបានចូលផឹកស៉ីក្នុងហាង វិមានព្រិល ខាងលើ បានមួយសន្ទុះស្រាប់តែមានទំនាស់ជាមួយម្ចាស់ហាង ដែលសង្ស័យផ្តើមចេញពីសុំស្នេហ៍ម្ចាស់មិនបាន ទើបបង្កជាទំនាស់ឈានដល់ដកាំភ្លើងគំរាមបែបនេះ។
ក្រោយពេលបញ្ជូនជនបង្កនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះឱ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីធ្វើការសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំមនផងដែរ ដើម្បីសាកសួររកមូលហេតុដែលផ្តើមចេញពីអ្វីឱ្យពិតប្រាកដ៕ដោយ ផេង ភាព