ពិតណាស់ វិន័យមិនបានប្រាប់ថា ពហុស្សូតគឺអ្នកចេះដឹងច្រើន អ្នកចេះសូត្រធម៌ច្រើន អ្នកចេះវិន័យច្រើន ឬជាព្រះមហាថេរៈ ធ្វើខុសមិនមានទោសនោះទេ ហើយក៏មិនបានប្រាប់ថា អ្នកមិនចេះវិន័យធ្វើខុសមិនមានទោសនោះដែរ ។
វិន័យបើកាលណាអ្នកបួសធ្វើខុសកម្រិតណា ទោសទណ្ឌប្រាកដជានឹងមានក្នុងកម្រិតនោះ មិនរើសមុខថាអ្នកចេះ ឬមិនចេះ អ្នកដឹង ឬមិនដឹងនោះឡើយ ។ តាមផ្លូវវិន័យកាលបើអ្នកបួសរូបណាត្រូវអាបត្តិថ្នាក់កំពូលពោលគឺអាបត្តិបារាជិក ហើយមិនព្រមដោះស្បង់ចីវរចេញនោះ ប្រាកដជាមានបាបធ្ងន់បំផុត ដែលតាមពុទ្ធប្បញ្ញត្តិចោទអ្នកបួសទ្រុស្តសីលរូបនោះដូចជាចោរ ចាំប្លម ចាំលួចដណ្តើមយកលាភរបស់សង្ឃដែលលោកមានសីលបរិសុទ្ធ ឬបើអ្នកក្លែងភេទរូបនេះចូលធ្វើសង្ឃកម្មទាំងឡាយមានឧបោសថសីលជាដើមទៀតនោះ ទោសនៃភិក្ខុរូបនេះកាន់តែធ្ងន់ធ្ងរណាស់ ចុតិបដិសន្ធិរបស់គេប្រហែលជានឹងគេចមិនផុតពីអនន្តរិយកម្មឡើយ ។
ទោះជាយ៉ាងណាមានព្រះសង្ឃខ្មែរយើងច្រើនណាស់ដែលព្រះអង្គមានសីល សមាធិ បញ្ញាដ៏បរិសុទ្ធអាចញុំាងសទ្ធាជ្រះថ្លាពុទ្ធបរិស័ទឱ្យកើតឡើងប្រាកដបាន ។ ដោយ៖ កោះសន្តិភាព