បើទោះបីជាស្ថានភាព ទឹកអាងបឹងតាម៉ុក បានស្រកចុះបន្តិចក៏ដោយ ប៉ុន្តែអ្នកជំនាញនៅតែបន្តអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន នូវករណីទឹកជន់លិចផងដែរ។
ស្ថានភាពទឹកនៅអាងទឹកបឹងតាម៉ុក បើគិតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាងបឹងតាម៉ុក៣,៨១សង់ទីម៉ែត្រ បានស្រកចុះចំនួន៩សង់ទីម៉ែត្រ។
យោងតាមរបាយការណ៍របស់លោក ញើន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ ផ្ទៃទឹកនៅក្នុងអាងស្តុកទឹកបឹងតាម៉ុក ស្ថិតនៅលើកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយ គឺត្រឹមកំរិត ៣,៨០សង់ទីម៉ែត្រ ហើយកម្ពស់ទឹកស្ថិតក្នុងការប្រកាសអាសន្ន ៤,២០ម៉ែត្រ។
លោកថា ចំណែកផ្លូវលំមួយខ្សែស្ថិតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលត្រូវទឹកភ្លៀងជន់លិចប្រវែង៤០ម៉ែត្រ នៅពេលនេះ បានស្រកចុះទាំងស្រុងអាចធ្វើចរាចរណ៍បានជាធម្មតាឡើងវិញ។
សូមបញ្ជាក់ថា បឹងតាម៉ុក គឺជាបឹងមួយ ដែលស្ថិតនៅក្នុទីតាំងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕ ដោយ៖ត្នោត