រទេសឥណ្ឌូណេស៊ី ៖ ភ្នំភ្លើងឥណ្ឌូណេស៊ីមួយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានផ្ទុះបញ្ចេញផេះយ៉ាងក្រាស់ទៅលើអាកាស ។ ការចេញផ្សាយតាមបណ្ដាញសង្គម បង្ហាញពពកផេះដ៏ធំជះពីលើភ្នំភ្លើង SINABUNG ស្ថិតលើកោះស៊ូម៉ាត្រា។ ដោយផ្ទុះនាថ្ងៃទី១០ ខែសីហា ភ្នំភ្លើងនោះបានបង្កើតជាពពកផេះដ៏សែនធំ ជះឡើងលើក្នុងកម្ពស់ដល់៥.០០០ម៉ែត្រ។ ពុំទាន់មានសេចក្ដីរាយកាណ៍ពីមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតនៅឡើយ តែអាជ្ញាធរបានព្រមានចំពោះការហូរកំអែរភ្នំភ្លើងជាយថាហេតុ និងពីសកម្មភាពកាន់តែខ្លាំងរបស់ភ្នំភ្លើងនោះ។
សកម្មភាពភ្នំភ្លើងនេះ ត្រូវបានបង្កើនរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយជាពិសេសការផ្ទុះតូចៗ២កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកអាមេន ពូតឺរ៉ា អ្នកទទួលខុសត្រូវម្នាក់នៃមជ្ឈមណ្ឌលសិក្សាភ្នំភ្លើងឥណ្ឌូណេស៊ីនិយាយថា នេះជាការប្រកាសអាសន្នមួយ ហើយត្រូវចៀសវាងកុំទៅកាន់ បណ្ដាតំបន់ក្រហមស្ថិតនៅជិតភ្នំភ្លើងនេះ។ ទោះបីយ៉ាងណាការប្រកាសអាសន្ននៅមានត្រឹមកម្រិតទី២។ ពុំមានមនុស្សណាម្នាក់រស់នៅក្បែរភ្នំភ្លើងនេះដែលបិទច្រកចូលឡើយ។
ផេះដ៏ក្រាស់បានគ្របដណ្ដប់លើសហគមន៍តូចៗ ដែលរស់នៅក្បែរភ្នំភ្លើងនោះ ពេលវាផ្ទុះកាលពីថ្ងៃទី១០ ខែសីហា។ ការឆ្លងរាលដាលនៃវីរុស COVID-19 នាំឲ្យមានភាពស្មុគ្រស្មាញដល់ការងាររបស់បណ្ដាអ្នកទទួលខុសត្រូវខាងការគ្រប់គ្រងគ្រោះមហន្តរាយ ហើយប្រជាជនមានការភ័យខ្លាច និងជ្រួលច្របល់ នាំឲ្យប៉ះពាល់ដល់វិធានការគម្លាតសង្គម ។
គួររំលឹកថា ភ្នំភ្លើងនោះធ្លាប់ផ្ទុះកាលពីឆ្នាំ២០១០ ក្រោយគ្មានសកម្មភាព៤០០ឆ្នាំមក។ ក្រោយស្ងប់មួយរយៈការផ្ទុះថ្មីកើតមានក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក វាមានភាពសកម្ម។ មនុស្ស១៦នាក់បានត្រូវបាត់បង់ជីវិតកាលពីឆ្នាំ២០១៤ និង៧នាក់ត្រូវបាត់បង់ជីវិតកាលពីឆ្នាំ២០១៦ ដោយសារការផ្ទុះភ្នំភ្លើងនេះ។ រួចកាលពីឆ្នាំ២០១៨ មនុស្សជាង៤០០នាក់បានត្រូវបាត់បង់ជីវិត ពេលកើតមានស៊ូណាមីមួយបណ្ដាលមកពីការផ្ទុះភ្នំភ្លើង វាយប្រហារភ្លាមៗ លើតំបន់ឆ្នេរសមុទ្រខាងត្បូងនៃកោះស៊ូម៉ាត្រា និងចុងខាងលិចនៃកោះជ្វា៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព