ជម្លោះក្នុងវង់ផឹកស៊ីមួយកន្លែង បានបង្កើតឱ្យមានអំពើហឹង្សារវាងក្មួយសាច់ថ្លៃនិងឪពុកមា កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះជាឪពុកមាឈ្មោះ ពក ពឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរងរបួសធ្ងន់ផុងលលាដ៍ក្បាល។ ចំណែកជនដៃដល់ត្រូវជាក្មួយសាច់ថ្លៃឈ្មោះ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា ។
នៅក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យជនរងគ្រោះ រងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯជនសង្ស័យត្រូវបានរត់គេចខ្លួនបាត់។
បើតាមប្រភព ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានផឹកស៊ីជាមួយ បន្ទាប់មកក៏មានទាស់ពាក្យសម្តីគ្នា រំពិចនោះស្រាប់តែជនដៃដល់ជាក្មួយ បានទាញពូថៅកាប់ប្រហារ ចំនួន៣ពូថៅចំក្បាលបណ្តាលឱ្យរបួសធ្ងន់តែម្តង៕
ជុំវិញរឿងនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ត្នោត