Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្វែងយល់ខ្លះៗពីឧបករណ៍ភ្លេងខ្មែរ តាខេ

សួស្តីមិត្តទាំងអស់គ្នាជាថ្មីពីទំព័រ វីយូឡុង បែបខ្មែរ។ ថ្ងៃនេះយើងនឹងមកស្គាល់ពីឧបករណ៍ភ្លេងបូរាណខ្មែរយើងវិញម្តង។ ឧបករណ៍ភ្លេងខ្មែរមួយនេះហៅថា តាខេ រឺក្រពើ គឺជាឧបករណ៍ភ្លេងកេះខ្សែ មានខ្សែបី ហើយមានសណ្ឋានខ្ទង់ដូចខ្នងក្រពើ។ នៅប្រទេសជិតខាងយើងក៏មានឧបករណ៍នេះដែរ ដូចជាប្រទេសថៃ គេហៅថា «ចរខេ៍» ឬ «តៈខេរ៍» ដែលមានន័យថា «ក្រពើ»។ ចំពោះជនជាតិមន ដែលរស់នៅប្រទេសភូមាវិញ ក៏ឃើញមានប្រើឧបករណ៍នេះដែរ ដោយរចនាជារូបក្រពើតែម្ដង។ 

គេហៅឧបករណ៍នេះថាក្រពើដោយសំដៅលើសណ្ឋានខ្ទង់របស់វា។ តាខេ ឬក្រពើ គឺជាឧបករណ៍ភ្លេងខ្មែរបុរាណដែលមានកំណើតយូរលង់ណាស់មកហើយ។ តាខេមានជើងទប់ពីបីទៅប្រាំ។ នៅពេលប្រគុំ អ្នកលេងអង្គុយជិតឧបករណ៍ដោយប្រើដៃឆ្វេងចុចលើខ្ទង់ ដៃស្ដាំដេញលើខ្សែដោយប្រើក្រចកកេះ។ ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ វង់ភ្លេងការសម័យទំនើប និងប្រគំម្នាក់ឯង ជួនកាលចម្រៀងដេញបែបចាប៉ីដងវែងក៏មាន ។ នៅក្នុងវង់ភ្លេងមហោរី គេច្រើនតែយកតាខេណាធំៗ មានសំនៀងក្រាងក្រអៅធ្ងន់មកចូលរួមប្រគំ ប៉ុន្ដែនៅក្នុងវង់ភ្លេងអាយ៉ៃ និងវង់ភ្លេងការសម័យទំនើបវិញ គេច្រើនតែយកតាខេតូចជាងបន្ដិចមានសំនៀងចចាតស្រាលមកប្រគំ ។ តាខេមានដំណើរសាច់បទចិញ្ច្រាំញាប់ធ្វើឱ្យសំនៀងចង្អៀតជាងឧបករណ៍ដទៃ។ សព្វថ្ងៃនេះ មានតាខេ មួយប្រភេទទៀតត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់សិស្សដែលចង់រៀនតាខេ ហើយពុំមានលទ្ធភាពក្នុងការទិញរៀន ឬតន្ត្រីករដែលចង់យកតាខេធ្វើដំណើរផ្លូវឆ្ងាយ។ តាខេថ្មីនេះ មានឈ្មោះថា «តាខេរក្ស» អានថា [តា-ខេ-រាក់]។ ពាក្យថា «រក្ស ឬ រ័ក ឬ រក្ខ» ប្រែថា រក្សា។ ដូច្នេះ «តាខេរក្ស» មានន័យថា ជាតាខេដែលជួយថែរក្សា ការពារ អភិរក្ស និងជាតំណាងនៃក្ដីស្រលាញ់ចំពោះមរតកតន្ត្រីបុរាណខ្មែរផងដែរ។

តាខេរក្ស

សព្វថ្ងៃតាខេនៅកម្ពុជាយើងធ្វើអំពីឈើខ្នុរ ដែលជាប្រភេទឈើឱ្យសំនៀងល្អជាងឈើដទៃ។ ដូនតាយើងបានបែងចែកតាខេទាំងមូលជា៣ផ្នែកគឺក្បាល ដងខ្លួន និងពោះ ។ នៅត្រង់ក្បាលមានព្រលួត៣ ច្រើនធ្វើអំពីឈើរឹងៗ មានកំប៉ក់អាចម៍ឆ្កែ១ (ពកនៅលើច្រមុះក្រពើ បុរាណហៅថា កំប៉ក់អាចម៍ឆ្កែ) បន្ដុបពីលើសម្រាប់លម្អ ។ មានធរណី (ប្រកៀន) ដាក់បន្ទាប់ពីព្រលួត គឺជាខ្ទង់ដែលខ្ពស់ជាងគេសម្រាប់ទ្រខ្សែឱ្យផុតពីខ្ទង់ដទៃ ។ នៅក្រោមក្បាលមានជើងមួយសម្រាប់ទ្រ ។ នៅលើខ្លួនមានខ្ទង់២ ធ្វើអំពីឈើរឹង ឬឆ្អឹងដំរី ។ នៅលើខ្ទង់នីមួយៗមានបិទឆ្អឹង ឬខ្នងឫស្សីរឹងបន្ដុបពីលើសម្រាប់ការពារភាពសឹករឹលនៃខ្ទង់ ។ ខ្ទង់ទាំង១២នេះរាយចន្លោះពីមួយទៅមួយតាមកម្រិតសំនៀងរបស់ខ្លួន ។ នៅលើពោះមានប្រអប់មួយធ្វើអំពីឈើ ឬស្ពាន់មានឈ្មោះហៅថា ក្រាញ់ (គីង្គក់) នៅលើក្រាញ់មានបន្ទះឫស្សីតូចស្ដើងសម្រាប់កល់ខ្សែសំនៀងឱ្យមានសំនៀងក្រាងៗ ដែលជាលក្ខណៈសំនៀងរបស់តាខេ ។

ប្រភព មិត្តតន្ត្រី

ខ្សែ​សំនៀង​មាន​៣ ៖

-ខ្សែ​ទី​១ ហៅ​ថា ខ្សែ​ឯក មានសំនៀង​តូច ជាងគេ ពី​ដើម​គេ​ប្រើ​សរសៃសូត្រ​វេញ​ចូល​គ្នា បច្ចុប្បន្ន​គេ​ប្រើ​ជ័រ​នីឡុង​ជំនួស​វិញ ។ 

-ខ្សែ​ទី​២ ហៅ​ថា ខ្សែ​គ មានសំនៀង​គ្រលរ ធ្វើ​អំពី​សរសៃសូត្រ​ដែរ ប៉ុន្ដែ​ឥឡូវ​គេ​ប្រើ ខ្សែ​នីឡុង​វិញ ។ 

-ខ្សែ​ទី​៣ ហៅ​ថា ខ្សែ​បន្ទរ មានសំនៀង​ធំ ធ្វើ​អំពី​ខ្សែ​លោហធាតុ​ប្រើ​សំរាប់​តែ​បន្ទរ ។ 

ក្រចកកេះខ្សែសំនៀង មានរាងមូលទ្រវែងជមផ្នែកខាងកេះ ក្រចកនេះធ្វើអំពីឈើរឹង ឬភ្លុកដំរី មានដោតខ្សែចំកណ្ដាលសម្រាប់ទុករុំភ្ជាប់នឹងចង្អុលដៃកេះ។ ក្នុងពេលប្រគំបទភ្លេងម្ដងៗ គេប្រើប្រាស់ខ្សែឯកច្រើនជាងគេសម្រាប់រាយសាច់បទ ឯខ្សែគ និងខ្សែបន្ទរពុំសូវប្រើឡើយ ។ តន្ដ្រីករតាខេគ្រប់រូបប្រើម្រាមដៃតែ៣សម្រាប់ចុចខ្សែសំនៀង ចំណែកឯមេដៃ និងកូនដៃគេច្រើនតែទុកនៅទំនេរ ។ ជួបគ្នាជាមួយអត្ថបទក្រោយៗទៀត៕

from: https://tnaot.com/km/m/detail/article/9578306