Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ជិះស៊ីក្លូពីភ្នំពេញទៅសៀមរាប” ដើម្បីរួមគ្នាថែរក្សាបរិស្ថាន និងអភិរក្សយាន្តជំនិះគ្មានផ្សែង

ព្រឹត្តិការណ៍ថ្មីមួយមិនធ្លាប់មាននៅកម្ពុជា ត្រូវបានក្រុមយុវជនស៊ីក្លូ រៀបចំឡើងដើម្បីបង្កើតឱ្យ​មានព្រឹត្តការណ៍ជិះស៊ីក្លូជាលើកដំបូងពីភ្នំពេញ ទៅខេត្តសៀមរាប ជាមួយប្រធានបទ “ជិះស៊ីក្លូ​ពី​ភ្នំពេញទៅសៀមរាប” ដើម្បីរួមគ្នាថែរក្សាបរិស្ថាន និងអភិរក្សយន្តជំនិះគ្មានផ្សែង។

ព្រឹត្តការណ៍នេះ ធ្វើឡើងក្នុងចេតនាអភិរក្សធាក់ស៊ីក្លូ ដែលមានអាយុកាលប្រមាណមួយ​សវត្ស៍មក​ហើយនោះ កំពុងតែជិតបាត់បង់រូបរាងទាំងស្រុងនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈព្រឹត្តិការណ៍​គ្រោង​នឹងរៀបចំធ្វើនៅវេលាម៉ោង ៣ រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដោយធ្វើការជួបជុំគ្នា​នៅ​ចំណុច​រង្វង់មូលមច្ឆាស្ពានដែកបាឡេ។

លោក អ៊ីវ សំណាង ប្រធានក្រុមយុវជនស៊ីក្លូ បានប្រាប់ TNAOT APP ឱ្យដឹងថា គោលបំណងនៃ យុទ្ធនាការនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋខ្មែរ​ចូលរួមគាំទ្រនូវការ​ប្រើប្រាស់​មធ្យោ​បាយដឹកជញ្ជូនដោយស៊ីក្លូឡើងវិញ ព្រមទាំងធ្វើការអភិរក្សស៊ីក្លូ ខណៈកំពុងឈានទៅ​រកការ​បាត់​បង់។ “ស៊ីក្លូ គឺជាយានជំនិះមួយប្រភេទ ដែលអាចរំកិលទៅមុខបាន តាមរយៈការប្រើកម្លាំងមនុស្ស គ្មាន​ការប្រើប្រាស់គ្រឿងម៉ាស៊ីន មិននាំឱ្យមានផ្សែងបំពុលដល់បរិដ្ឋានឡើយ”។

ការស្រឡាញ់បរិស្ថាន និងស៊ីក្លូ គឺជាការចាប់ផ្តើម ដែលនាំឱ្យកើតមាននូវព្រឹត្តិការណ៍នេះ ប៉ុន្តែអ្វីសំខាន់​ជាងនេះទៀត គឺការស្វែងរកមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់អ្នកកំពុងប្រកបមុខរបរធាក់ស៊ីក្លូ ពិសេស​ក្រុម​មនុស្ស​វ័យចំណាស់ ដែលនៅស្ម័គ្រចិត្តប្រកបមុខរបរធាក់ស៊ីក្លូ។

ចំពោះយុទ្ធនាការនៅតាមផ្លូវ ក្រុមយុវជនស៊ីក្លូគ្រោងធ្វើការផ្សព្វផ្សាយ តាមរយៈការដាក់តាំងស៊ីក្លូ​នៅហ្នឹង​កន្លែង មានន័យថា នៅពេលទៅដល់គោលដៅឈប់កន្លែងណា ដាក់តាំងបង្ហាញស៊ីក្លូ​នៅ​កន្លែងនោះ ដើម្បីឱ្យប្រជាពលរដ្ឋ បានចូលរួមថតរូប ឬជិះលេងនៅហ្នឹងកន្លែងតែម្តង។ “ក្រុម​យុវ​ជន​​ស៊ីក្លូក៏បានត្រៀមរៀបចំបោះតង់ ដុតភ្លើង កម្សាន្តនាពេលរាត្រី ជាមួយក្រុមការងារ និងលោកតាស៊ី​ក្លូចាស់ៗដែលបានចូលរួមនៅក្នុងយុទ្ធនាការនេះផងដែរ”។ នេះបើតាមការបញ្ជាក់បន្ថែមពីយុវជន អ៊ីវ សំណាង ដោយលោកបន្ថែមថា នៅតាមផ្លូវ ប្រសិនបើមានអ្នកចង់ចូលរួមធ្វើដំណើរទៅសៀមរាប គឺ​យើងនឹងឱ្យពួកគាត់ចូលរួមធាក់ស៊ីក្លូ ដើម្បីផ្លាស់ប្តូរកម្លាំងគ្នាជាមួយនឹងក្រុមយុវជន។

បើតាមការគ្រោងទុក ព្រឹត្តិការណ៍នេះ នឹងធ្វើក្នុងរយៈពេល៣ថ្ងៃ ដោយ ១ថ្ងៃ ត្រូវធាក់ស៊ីក្លូ ១០០ គីឡូ​ម៉ែត្រ ដោយចំណាយពេលប្រហែលជាបីថ្ងៃ ពោលអាចនឹងទៅដល់សៀមរាប នៅថ្ងៃទី១៧ ឬ ១៨ ខែសីហា។

ពេលទៅដល់សៀមរាប ក៏នឹងមានការជិះដង្ហែ នៅក្នុងក្រុងសៀមរាប ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តសៀមរាប ឱ្យបានដឹង ឬទទួលព័ត៌មានអំពីការ​មកដល់ទឹកដីខេត្តសៀម​រាបជាលើក​ដំបូងនៃស៊ីក្លូ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមយុវជនស៊ីក្លូ បានបញ្ជាក់បន្ថែមថា កាហ្វេវប្បធម៌មាត់ស្ទឹង ដែល​ជាហាងកាហ្វេមានការរចនាបែបបុរាណរបស់លោកអាចា្យធំ គឺជាទីតាំងជួបជុំនៅខេត្តសៀមរាប នៅពេលក្រុមយុវជនស៊ីក្លូបានទៅដល់ខេត្តសៀមរាប ដូចនេះ បងប្អូនអាចចូលរួមជិះស៊ីក្លូ និងរូបថតទុ​ក​ជាអនុស្សាវរីយ៍ ដោយមានការស្លៀកពាក់បុរាណផងដែរ។

ជាមួយគ្នាផងដែរ ប្រធានក្រុមយុវជនស៊ីក្លូ កំពុងព្យាយាមសុំការអនុញ្ញាត ឱ្យមានការដាក់តាំង​បង្ហាញ​នៅ​មុខ ឬចំហៀងប្រាសទអង្គរតូចបន្ថែមទៀត ខណៈអាជ្ញាធរអប្សរា លោកបានអនុញ្ញាតឱ្យ​មានការ​ដាក់​តាំងស៊ីក្លូនៅប្រាសាទបាយ័ន (អង្គរធំ) ។

តាមរយៈព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ក្រុមយុវជនស៊ីក្លូ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ​មានការចូលរួមឱ្យបានច្រើនកុះករ ដើម្បីអភិរក្សស៊ីក្លូ និងទទួលបានមូលនិធិមួយផ្នែក សម្រាប់​ជួយ​ទ្រទ្រង់ដល់ជីវភាព មនុស្សវ័យចំណាស់ជាច្រើន ដែលកំពុងប្រកបមុខរបរធាក់ស៊ីក្លូនេ។ ចំពោះការចូលរួមបរិច្ចាគ ប្រជាពលរដ្ឋអាចចូលរួមបានតាមរយៈលេខទូរសព្ទ ០៩៣ ៨៧ ៩៧ ០៣ ឬទំព័រហេ្វសបុកក្រុមយុវជនស៊ីក្លូកម្ពុជា ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9578282