ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយដោយផ្តោតសំខាន់លើការផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។
យោងតាមចំណារយល់ព្រមពី នាយករដ្ឋមន្ត្រី ដែលចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លើលិខិតលេខ១៧៤សខល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល បានសម្រេចក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។
ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០កន្លងមក បានរួមចំណែកដល់ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ថា អត្រាឆ្លងបានហត់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុតនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្មណ៍ផងដែរ ម្យ៉ាងទៀត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរប្រទេសហ្វីលីពីនមួយដែលមានអ្នកដំណើរសរុបចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់ទៅ១៣នាក់ ដែលបញ្ជាក់ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈដូច្នេះក្រសួងសុខាភិបាលអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់នូវរលកទី២៕ ដោយ៖ ឃួន លក្ខិណា