ខ្សែប្រយុទ្ធ Shane Long បានសម្រេចបន្តកុងត្រាថ្មីជាមួយក្លិប Southampton រយៈពេល២ឆ្នាំទៀត បន្ទាប់ពីភាគីទាំងសងខាងព្រមព្រៀងគ្នាលើកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ២០២២។
ខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់រូបនេះ សម្រេចចិត្តចុះកុងត្រាថ្មីចំនួន២ឆ្នាំបន្ថែមទៀត ហើយបើគិតចាប់តាំងពីរការផ្ទេរចេញពីក្លិប Hull City កាលពីឆ្នាំ២០១៤នោះមក គឺមានរយៈពេល៦ឆ្នាំមកហើយ ដែលរូបគេបានប្រកបអាជីពនៅកីឡដ្ឋាន St Mary’s របស់ក្លិប Southampton។
ជុំវិញការបន្តកុងត្រាថ្មីនេះ លោក Ralph Hasenhuttl អ្នកចាត់ការទូទៅក្លិប Southampton បាននិយាយថា៖ “Shane ជាកីឡាករឆ្នើម និងជាខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុម។ គាត់បានរកគ្រាប់បាល់បញ្ចូលទីបានយ៉ាងច្រើនសម្រាប់ពួកយើងកន្លងមក និងជាអ្នកបង្កើតឱកាសឱ្យមិត្តរួមក្រុមទាត់បាល់បញ្ចូលទីជាច្រើនលើកផងដែរ។ ខ្ញុំគិតថានោះ ជាគុណសម្បត្តិដ៏អស្ចារ្យមួយរបស់គាត់”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore