AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ — ក្រសួងថាមពល និងធនធានធម្មជាតិនៃប្រទេសម៉ាឡេស៊ី (KeTSA) បានបើកដំណើរការដេញថ្លៃសម្រាប់កម្មវិធីធ្វើមាត្រដ្ឋានថាមពលពន្លឺព្រះអាទិត្យធំ (LSS) ដើម្បីបង្កើតសន្ទុះសម្រាប់សេដ្ឋកិច្ចជាតិក្រោយការរាតត្បាតជំងឺកូវីដ-១៩ ។
លោករដ្ឋមន្រ្តី Datuk Dr Shamsul Anuar Nasarah បាននិយាយថា កូតាថាមពលពន្លឺព្រះអាទិត្យប្រមាណ ១.០០០មេហ្គាវ៉ាត់ (MW) ត្រូវបានផ្តល់ជូនតាមរយៈដំណើរការដេញថ្លៃនេះចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ដែលបើកចំហដល់ក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនដែលមានភាគហ៊ុនក្នុងស្រុកយ៉ាងតិច ៧៥ភាគរយ។
លោកបាននិយាយថា សកម្មភាពនេះមានគោលបំណងដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលជំរុញការអភិវឌ្ឍឧស្សាហកម្មអគ្គិសនីរបស់ប្រទេស ជាពិសេសថាមពលកកើតឡើងវិញ។
លោកបាននិយាយថា ក្រសួងរំពឹងថា នឹងទាក់ទាញការវិនិយោគសរុបចំនួន ៤ប៊ីលានរីងហ្គីត (ជិត ១ប៊ីលានដុល្លារអាម៉េរិក) និងបង្កើតឱកាសការងារចំនួន ១២.០០០កន្លែងសម្រាប់ប្រជាជនម៉ាឡេស៊ី។
កូតាដែលផ្តល់ជូននៅពេលនេះ គឺធំបំផុតក្រោមកម្ម LSS ខណៈដែលកម្មវិធី LSS-1 ផ្តល់ជូនថាមពលពន្លឺព្រះអាទិត្យត្រឹមតែ ៥២០មេហ្គាវ៉ាត់ កម្មវិធី LSS-2 ត្រឹមតែ ៥២០មេហ្គាវ៉ាត់ និងកម្មវិធី LSS-3 ត្រឹមតែ 500មេហ្គាវ៉ាត់ប៉ុណ្ណោះ៕
(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)