តាកែវ៖ ជនសង្ស័យម្នាក់ ដែលមានឋានន្តរសក្តិ វរសេនីយ៍ត្រី និងមានតួនាទីជានាយការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថ ខេត្តតាកែវ និងបក្ខពួកម្នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ការចាប់ខ្លួននេះធ្វើឡើង កាលពី ថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុច មូលដ្ឋានស្រុកអង្គរបូរី និងស្រុកត្រាំកក់ ក្នុងខេត្តតាកែវ។
យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលខេត្តតាកែវ បានឲ្យដឹងថា៖ ជនសង្ស័យរួមមាន ១ ឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) រស់នៅក្នុង ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។ ២ ឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ រស់នៅក្នុង ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
វត្ថុតាងរួមមាន ៖ អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង គ្រឿងញៀនជិត ០២គីឡូ និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២បេ ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន ០៣ផ្លាក និងកាតគ្រីម៉ូតូចំនួន ០២សន្លឹក ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ៖ សួង សាម