រហូតមកដល់ពេលនេះ រុស្ស៊ីបានចាប់ផ្ដើមសាកល្បងធ្វើតេស្ដវ៉ាក់សាំង ប្រឆាំងនឹងកូវីដ១៩ ដោយអ្នកចូលរួមធ្វើតេស្ដវ៉ាក់សាំងនេះ ក៏នឹងទទួលបានប្រាក់ ចំនួន១សែនរូប៊ី (Rubles) ឬស្មើនឹង១៤៥០ដុល្លារ អាមេរិកផងដែរ។
លោក Vadim Tarasov នាយកវិទ្យាស្ថានវេជ្ជសាស្រ្ដ និងជីវបច្ចេកវិទ្យា នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ដរបស់រដ្ឋ មូស្គូ បានប្រាប់កាសែតម៉ូស្គូថែមស៍ កាលពីថ្ងៃទី៤ ខែមិថុនា ថា រុស្ស៊ីមានគម្រោងចាប់ផ្តើមធ្វើតេស្ត វ៉ាក់សាំង ប្រឆាំងនឹងកូវីដ១៩ លើអ្នកស្ម័គ្រចិត្តដែលទទួលប្រាក់ពីសាធារណជន ចាប់ពីសប្តាហ៍ក្រោយទៅ។
យោងតាមនាយកវិទ្យាស្ថានខាងលើ បានឲ្យដឹងថា នៅក្នុងការធ្វើតេស្ដជាលើកដំបូងនេះ នឹងមានអ្នកស្ម័គ្រចិត្តចំនួន៥០នាក់។ ប៉ុន្ដែនៅពេលការសាកល្បងរួចរាល់ហើយ ពួកគាត់នឹងទទួលបានប្រាក់ចំនួន១សែនរូពី ឬស្មើនឹង១៤៥០ដុល្លារអាមេរិក សម្រាប់ការងារពាក់ព័ន្ធរបស់ពួកគាត់ នៅក្នុងការសិក្សានេះ។ រីឯវ៉ាក់សាំងនោះ ត្រូវបានអភិវឌ្ឍឡើង ដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិរោគរាតត្បាត និងមីក្រូជីវសាស្រ្ដ Gamalei ។
បើតាមគេហទំព័រ Worldometer បានផ្សាយ កាលពីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២០ ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន៤៤១ ១០៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២០៤ ៦២៣ និងស្លាប់ ៥ ៣៨៤នាក់។ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយថា អ្នកវិទ្យាសាស្រ្ដរបស់រុស្ស៊ី កំពុងតែធ្វើការងារ នៅលើគម្រោងវ៉ាក់សាំង ចំនួន៥០ផ្សេងៗគ្នា។ ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្ដទាំងនោះ ក៏បានថ្លែងថា ការរកឃើញវ៉ាក់សាំងនេះ ក៏ជាការលើកកិត្យានុភាពរបស់ជាតិផងដែរ៕ ប្រែសម្រួលដោយ Nuon