កាលពីថ្ងៃទី១ ខែមិថុនា តារាសម្ដែង Park Seo Joon បានធ្វើកម្មវិធីផ្សាយផ្ទាល់ក្នុង YouTube របស់ខ្លួនដែលមានឈ្មោះថា “Record PARK’s” ដើម្បីអបអរដែលគណនីរបស់លោកមានអ្នកចុច Subscribe បានជាង ១លាននាក់។
តារាសម្ដែងប្រុសរូបនេះបានបង្ហាញប្រអប់ Gold Play Button ដែលជាប្រអប់បានមកពី YouTube ផ្ញើទៅកាន់ម្ចាស់គណនីដែលទទួលបានការគាំទ្រដល់ខ្ទង់លាន។
អំឡុងពេលផ្សាយផ្ទាល់ Park Seo Joon បានផ្ដល់ជាពាក្យអរគុណទៅកាន់បុគ្គលិករបស់ខ្លួន នឹងបាននិយាយថា “បុគ្គលិកដែលធ្វើការជាមួយខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីកែសម្រួលវីដេអូរបស់ខ្ញុំ” និង “ខ្ញុំពិតជាមិនបានធ្វើច្រើនទេ ហើយខ្ញុំគិតថាខ្ញុំមិនអាច ទទួលបានវាទេ សូមថ្លែងអំណរគុណចំពោះមហាជនទាំងអស់ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះអ្វីដែលខ្ញុំធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ”។ Park Seo Joon បានបើកគណនីយូធ្យូបរបស់ខ្លួនកាលពីខែកក្កដា មានន័យថាលោកបានឈានដល់ដំណាក់កាលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលមួយឆ្នាំ។ Park Seo Joon គឺជាតារាសម្ដែងកូរ៉េដំបូងគេដែលទទួលបាន Gold Play Button ពី YouTube៕ ប្រភព៖ soompi