កុំដោយសារកូវីដ ១៩ ភ្លេចការពារខ្លួនពីសត្វមូសឲ្យសោះ ! ព្រោះរដូវកាលគ្រុនឈាមចូលមកដល់ហើយ
ភ្នំពេញ៖ ចាប់តាំងពីមានការផ្ទុះរាតត្បាតជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជាអំឡុងចុងខែមករាមក ពលរដ្ឋខ្មែរជាច្រើន ហាក់មានការប្រុងប្រយ័ត្នខ្ពស់ ពីហានិភ័យឆ្លងជំងឺរាតត្បាតសកលមួយនេះ នាំឲ្យកម្ពុជា អាចរក្សាស្ថិរភាពគ្រប់គ្រងអត្រាឆ្លង និងព្យាបាលបានយ៉ាងល្អ។
ប៉ុន្តែការផ្តោតខ្លាំងទៅលើការការពារជំងឺកូវីដ ១៩ បានកំពុងនាំឲ្យពលរដ្ឋខ្មែរមួយចំនួន ធ្វេសប្រហែសទៅលើស្ថានភាពជំងឺដែលងាយនឹងផ្ទុះឡើងបំផុតអំឡុងពេលរដូវភ្លៀងនេះ ពិសេសវាជារដូវនៃការរាតត្បាតជំងឺគ្រុនឈាម ដែលជាធម្មតាធ្វើឲ្យមនុស្សរាប់លាននាក់ធា្លក់ខ្លួនឈឺជារៀងរាល់ឆ្នាំ។
ជាក់ស្តែងឆ្នាំ ២០១៩ កន្លងទៅ ដែលត្រូវចាត់ទុកជារដូវឆ្លងរាតត្បាតជំងឺគ្រុនឈាម ធ្ងន់ធ្ងរបំផុតមួយលើពិភពលោក គឺបាននាំឲ្យមនុស្សជាង ៤,៧លាននាក់ធ្លាក់ខ្លួនឈឺ ក្នុងនោះកម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមសរុបជាង ៦៥០០០នាក់។
អាស្រ័យទៅលើហេតុផលនេះ អ្នកជំនាញសុខភាពជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋផ្តោតការប្រុងប្រយ័ត្នទ្វេដង ទាំងការពារជំងឺកូវីដ ១៩ ក៏ដូចជាការពារខ្លួន និងកូនៗយើងពីជំងឺគ្រុនឈាមឲ្យបានល្អ។
ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយភ្នាក់ងារព័ត៌មាន TNAOT APP កាលពីថ្ងៃព្រហស្បត្តិ៍ ស្តីពីស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោកស្រីសង្កេតឃើញ ពលរដ្ឋយើងមួយចំនួន ដោយសារបារម្ភពីកូវីដខ្លាំងពេក បែរជាខ្វះការប្រុងប្រយ័ត្នជាមួយជំងឺគ្រុនឈាមនេះទៅវិញ។
លោកស្រីបន្តថា ទោះបីជាកូវីដ ១៩ ជាជំងឺអាទិភាពដែលក្រសួងត្រូវយកចិត្តទុកដាក់ខ្លាំងក៏ពិតមែន ប៉ុន្តែក្រសួងសុខាភិបាល ក៏នៅតែផ្តោតទៅលើការការពារជំងឺគ្រុនឈាមដូចគ្នា ដោយបានអំពាវនាវឲ្យពលរដ្ឋទាំងអស់ រក្សាអនាម័យជុំវិញផ្ទះឲ្យបានស្អាត កុំឲ្យមានកន្លែងដកទឹក ឬសំបកកង់ម៉ូតូ ឡានចាស់ៗ ដែលផ្តល់ជម្រកសម្រាប់មូសខ្លា ដែលជាភ្នាក់ងារចម្បងចម្លងជំងឺគ្រុនឈាម។
គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ពោល ១៩សប្តាហ៍ ដើមឆ្នាំ ២០២០ នេះ កម្ពុជារកឃើញករណីឆ្លងជំងឺគ្រុនឈាមទូទាំងប្រទេសដល់ទៅ ២ ១៧២ករណី ដោយក្រសួងបារម្ភថា តួលេខនឹងបន្តកើនឡើងជាបន្តបន្ទាប់ ពិសេសអំឡុងពេលរដូវភ្លៀងចូលមកដល់តែម្តង៕ ដោយ៖ ត្នោត