អ្នកនយោបាយជាច្រើនរូបរបស់អាមេរិក បានលើកឡើងថា ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក ទៅលើចិន ពាក់ព័ន្ធនឹងកោះហុងកុងនោះ អាចនឹងមិនមានប្រសិទ្ធភាពនោះឡើយ ។
សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានជំរុញឲ្យដាក់ទណ្ឌកម្ម ទៅលើធនាគារមួយចំនួនរបស់ចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីរបស់ចិន ដាក់នៅលើកោះហុងកុង។ បើតាមសារព័ត៌មាន CNBC បានផ្សាយថា តំណាងរាស្ត្រ Pat Toomey បានលើកឡើងថា សេចក្តីព្រាងច្បាប់របស់លោក ពាក់ព័ន្ធនឹងការបំផ្លាញដល់សិទ្ធិគ្រប់គ្រងស្វ័យភាពរបស់កោះហុងកុង និងសិទ្ធិជាមូលដ្ឋានរបស់មនុស្ស នៅទីនោះ។
ប៉ុន្តែសមាជិកព្រឹទ្ធសភាអាមេរិក មួយចំនួន មិនបានគាំទ្រដល់សកម្មភាពខាងលើនោះឡើយ ដោយសារការដាក់ទណ្ឌកម្មជាឯកតោភាគី នឹងមិនមានឥទ្ធិពលគ្រប់គ្រាន់នោះឡើយ។
សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក Sherrod Brown បានលើកឡើងថា បើទោះជាអាមេរិក បានព្រមព្រៀងដាក់ទណ្ឌកម្មជាឯកតោភាគី ទៅលើចិន ដោយមិនមានការចូលរួមពីសហគមន៍អន្តរជាតិ អាចនឹងជះឥទ្ធិពលមិនល្អដល់ទឹកដីអាមេរិកវិញផងដែរ។
រហូតមកដល់ពេលនេះ ឥទ្ធិពលរបស់ចិន នៅលើឆាកអន្តរជាតិកាន់តែខ្លាំងឡើង ហើយបញ្ហាកោះហុងកុង ក៏ជាទឹកដីរបស់ចិន។ ដូច្នេះអាមេរិក មិនអាចធ្វើដូចជាតំបន់គ្រីមៀរបស់ប្រទេសអ៊ុយក្រែននោះឡើយ ដោយអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី ពាក់ព័ន្ធនឹងការដាក់បញ្ចូលតំបន់គ្រីមៀ តែមិនអាចដាក់ទណ្ឌកម្មចិន ពាក់ព័ន្ធនឹងកោះហុងកុងបានឡើយ ដោយសារហុងកុងជាទឹកដីរបស់ចិន៕ ប្រែសម្រួលដោយ៖ MEO