ការធ្វើបាតុកម្ម និងការរើសអើងជាតិសាសន៍ នៅអាមេរិក ក្លាយជាឱកាសដ៏ល្អបំផុត សម្រាប់គណបក្សប្រជាធិបតេយ្យយកជ័យជម្នះលើគូប្រជែង ទាំងការគ្រប់គ្រងព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីងាយស្រួល ក្នុងការអនុម័តច្បាប់ផ្សេងៗ នៅលើទឹកដីអាមេរិក។
នៅពេលនេះ ប្រធានព្រឹទ្ធសភាអាមេរិក ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានចូលរួមដង្ហែក្បួនប្រឆាំងនឹងអំពើហិង្សា ការរើសអើងជាតិសាសន៍ទៅលើក្រុមជនជាតិស្បែកខ្មៅ ក្រោយការស្លាប់បុរសស្បែកខ្មៅ George Floyd ដោយសារស្នាដៃប៉ូលិសស្បែកសអាមេរិក។
នៅលើបណ្តាញសង្គម លោកស្រី Nancy Pelosi បានលើកឡើងថា ដើម្បីទប់ស្កាត់ការប្រើអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខទៅលើពលរដ្ឋ គឺជាអាទិភាពចម្បងរបស់អាមេរិក។ លោកស្រី បានបន្តទៀតថា រដ្ឋសភាដែលលោកស្រីគ្រប់គ្រង នឹងដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការប្រើអំពើហិង្សារបស់ប៉ូលិស និងកែទម្រង់ ដើម្បីធានាកំុំឲ្យមានហេតុការណ៍បែបនេះ កើតមានឡើងបន្ដទៀត នាពេលអនាគត។
បាតុកម្មនៅទូទាំងអាមេរិក បានអូសបន្លាយ អស់រយ:ពេលជាង១សប្តាហ៍កន្លងមកហើយ ដោយតំបន់ខ្លះ បាតុកម្មក្លាយជាអំពើហិង្សា។
អតីតមន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងនោះមានអតីតប្រធានាធិបតី ចច ដាប់ប៊លយូប៊ូស ក៏បានថ្កោលទោសយ៉ាងខ្លាំងដល់អ្វីដែលបានកើតឡើង នៅលើទឹកដីអាមេរិក ជាពិសេសគឺការរើសអើងជាតិសាសន៍នេះតែម្តង។
នៅថ្ងៃទី៤ ខែមិថុនា នេះដែរ អតីតប្រធានាធិបតី Jimmy Carter បានចេញសេចក្តីប្រកាស បង្ហាញពីការឈឺចាប់ចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ។ លោកបន្តទៀតថា ការថ្កោលទោស ដល់សកម្មភាពរបស់ប៉ូលិសទៅលើជនជាតិស្បែកខ្មៅ គឺជារឿងចាំបាច់ត្រូវតែធ្វើ ដើម្បីកំុំឲ្យមានហេតុការណ៍បែបនេះកើតឡើង៕ ប្រែសម្រួលដោយ៖ MEO