Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មូលហេតុដែលគេសង់រូបសំណាកដាវដែកដ៏ធំ នៅស្រុកកំពង់ស្វាយ

ដាវដែកកំពង់ស្វាយ បានធ្វើពីធីអភិសេកកាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ ដាវនេះមានប្រវត្តិដូចតទៅ៖

ធ្លាប់តែឮចម្រៀងភ្លេងការគេច្រៀងថា «ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែបានពីពុកស្រោមបានពីម្តាយ…» ដែលបានបង្កប់អត្ថន័យបង្ហាញពីឫទ្ធានុភាពដ៏អស្ចារ្យរបស់ដាវដែក ដែលមានប្រភពនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបច្ចុប្បន្ន ហើយបើបានដឹងពីប្រវត្តិនៃដាវដែកនេះវិញនោះ គឺរឹតតែអស្ចារ្យជាងនេះទៅទៀត។

នៅក្នុងទឹកដីនៃស្រុកកំពង់ស្វាយពីសម័យបុរាណ មានប្រជានុរាស្ត្ររស់នៅទាំងជនជាតិខ្មែរ និងជនជាតិកួយ។ ជនជាតិកួយ គឺជាពូជពង្សអ្នកស្លដែកដ៏ពូកែសម្រាប់ប្រើប្រាស់នាសម័យបុរាណ ឬផលិតជាឧបករណ៍ប្រើប្រាស់គ្រប់មុខ ឬយុទ្ធោបករណ៍យ៉ាងមានគុណភាព។

មុននឹងស្លជាដែកបាន គេត្រូវកាត់ថ្មភ្នំដែលមានរ៉ែដែកយកមកស្លក្នុងគុកចង្ក្រាន ឬហៅថាសន្លុង ក្នុងសីតុណ្ហភាពយ៉ាងតិច ៣,០០០អង្សាសេ ទើបរលាយក្លាយជាក្រាមរាវ ហើយភ្នំដែលគេស្គាល់ថ្មមានជាតិរ៉ែដែកច្រើននោះ គឺភ្នំដែក ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារសព្វថ្ងៃ (អតីតដែនដីខេត្តកំពង់ស្វាយដែរ)។ អ្វី​ដែល​ពិសេស​បំផុត​នៃផលិតផលដែកនោះគឺ «ដាវ» ដែលជាអាវុធមួយប្រភេទយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ក្នុងសឹកសង្គ្រាមនាសម័យបុរាណ។ ការផលិតដាវដែកដោយជនជាតិកួយនៅស្រុកកំពង់ស្វាយនេះ ពិតជាមានភាពល្បីរន្ទឺខ្លាំងណាស់ ដ្បិតដែកដែលយកមកធ្វើជាដាវមានគុណភាពល្អប្រសើរណាស់។

រូបសំណាកដាវដែកកំពង់ស្វាយ ដែលបានសាងសង់មានប្រវែង ៦.៤ម៉ែត្រ ទទឹង ០.៤៥ម៉ែត្រ កម្រាស់ខ្នងគល់ ០.៧០ម៉ែត្រ ផ្នែកគល់ដាវ ០.៣០ម៉ែត្រ ផ្នែកចុងដាវ ០.២០ម៉ែត្រ ផ្នែកមុខដាវ ០.១០ម៉ែត្រ៕

from: https://tnaot.com/km/m/detail/article/9322373