Toyota បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Fortuner ស៊េរីថ្មី ដែលមានការផ្លាស់ប្ដូររូបរាងថ្មីគួរកត់សម្គាល់ និងមានប្រភេទពិសេសឲ្យឈ្មោះថា Fortuner Legender ថែមទៀតផង។
រថយន្ត SUV ស៊េរីថ្មីនេះមានមុខមាត់កាន់តែទាក់ទាញជាងមុនដោយមានបំពាក់នូវអំពូលមុខរាងស្ដើងជាងមុន និងរន្ធខ្យល់ដែលមានរចនាបថថ្មី។ នៅជុំវិញឡូហ្គោ Toyota មានការក្រូម៉េពណ៌ខ្មៅ ធ្វើឲ្យរថយន្តកាន់តែទាក់ទាញបែបស្ព័រ អមជាមួយយ៉ាន់កង់ទំហំ ១៨អ៊ីញ ដែលរចនាម៉ូដថ្មីផងដែរ។
ប្រភេទពិសេសថ្មីដែលមានឈ្មោះថា Legender មើលទៅសឹងតែដូចជារថយន្ត Toyota មួយម៉ូដែលថ្មីទៀត។ ចង្កៀងមុខដែលបំពាក់លើរថយន្តប្រភេទពិសេសនេះមានការរចនាម៉ូដទាក់ភ្នែក ហើយរន្ធខ្យល់ក៏មានផ្លាស់ប្ដូររចនាបថយ៉ាងពិសេស និងមានការតុបតែងជាពណ៌ខ្មៅលើចំណុចជាច្រើន។
នៅផ្នែកខាងក្នុងមិនមានការផ្លាស់ប្ដូរច្រើននោះទេ លើកលែងតែប្រព័ន្ធកម្សាន្តថ្មីដែលមានគាំទ្រជាមួយ Apple CarPlay។ រថយន្ត Fortuner Legender មានបំពាក់ម៉ាស៊ីនចំណុះ ២,៨លីត្រ កម្លាំង ២០១សេះ ខណៈដែល Fortuner ធម្មតាប្រើម៉ាស៊ីន ២,៤លីត្រ។
រថយន្ត Fortuner ស៊េរីថ្មីក៏មានបន្ថែមចំណុចថ្មីៗមួយចំនួន ដូចជា Toyota Safety Sense ដែលជាការបំពាក់លើកដំបូងសម្រាប់រថយន្ត SUV នេះ។ វាក៏មាននូវអេក្រង់សម្រាប់បង្ហាញរូបភាព ៣៦០ដឺក្រេ, មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងគូថក្រោយដែលអាចបើកដោយប្រើកាយវិការយកជើងទាត់។
Fortuner ស៊េរីថ្មីលក់នៅទីផ្សារប្រទេសថៃមានតម្លៃចាប់ពី ១,៤៥លានបាត ដែលស្មើប្រមាណ ៤៦ ០០០ដុល្លារ សម្រាប់ប្រភេទធម្មតា ហើយសម្រាប់ប្រភេទ Legender វិញគឺមានតម្លៃ ១,៨៣លានបាត ដែលស្មើប្រមាណ ៥៨ ១១៦ដុល្លារ៕