គ្រឿងផ្សំរួមមាន៖
1.ពងមាន់៥គ្រាប់
2.ការ៉ុត១ភាគ៤នៃការ៉ុតមួយ(ឬអាចដាក់ច្រើនជាងនេះទៅតាមចំណង់ចំណូលចិត្ត)
3.ស្លឹកខ្ទឹម១ភាគ៣នៃស្លឹកខ្ទឹម១ដើម(ឬអាចដាក់ច្រើនជាងនេះទៅតាមចំណង់ចំណូលចិត្ត)
បើចង់ដាក់តែបន្លែចូលក៏បានដែរ តែបើដាក់សាច់ជ្រូកកំប៉ុង(Ham)ឬ (Spam)ចូលបន្ថែមនោះ
នឹងធ្វើឲ្យរសជាតិកាន់តែប្រសើរឡើងមួយកម្រិតទៀត។
(ចំណាំ៖ បើដាក់សាច់កំប៉ុងចូល ត្រូវលាង ឬស្រុះសាច់កំប៉ុងជាមួយនឹងទឹកក្ដៅឲ្យសាច់រាងឆ្អិនជាមុនសិន។)
របៀបធ្វើ៖
1.ហាន់ការ៉ុត ស្លឹកខ្ទឹម និងសាច់កំប៉ុងឲ្យល្អិតៗដូចក្នុងរូប។
2.បន្ទាប់មក គោះពងមាន់ដាក់ចាន រួចកូរវាឲ្យសព្វ។ បើចង់ឲ្យពងមាន់ដែលកូររួចចូលជាល្បាយតែមួយ លោកអ្នកអាចប្រើកន្ត្រងមកត្រងក៏បាន។
3.ក្រោយពីកូរពងមាន់ឲ្យសព្វហើយ ដាក់បន្លែដែលបានហាន់ទាំងអស់ចូល ហើយច្របល់ចូលគ្នាឲ្យសព្វ។ បន្ទាប់មកដាក់អំបិលមួយចឹប និងស្ករសកន្លះស្លាបព្រាបាយចូល។
4.យើងអាចដាក់ទឹកដោះគោស្រស់៦ស្លាបព្រាបាយបន្ថែម ដើម្បីឲ្យពងមាន់ដែលយើងចៀនកាន់តែទន់ល្មើយល្អ(តែបើគ្មានទឹកដោះគោស្រស់ទេ អាចដាក់ទឹកជំនួសបាន) រួចកូរចូលគ្នាឲ្យសព្វជាការស្រេច។
5.បន្ទាប់មកដាក់ខ្ទះឲ្យក្ដៅ សឹមដាក់ប្រេងសណ្តែកចូល(ដាក់ប្រេងសណ្តែកតិចបំផុតតាមដែលអាចធ្វើបាន) រួចចាក់ល្បាយពងមាន់ដែលផ្សំគ្រឿងរួចនូវបរិមាណសមល្មមចូល ហើយរង់ចាំឲ្យវាឆ្អិនល្មមអាចមូរបាន១ជុំហើយ សឹមចាក់ល្បាយដែលនៅសល់នូវបរិមាណសមល្មមដដែល រួចមូរវាជាបន្តបន្ទាប់រហូតដល់អស់ល្បាយជាការស្រេច។
6.បើចង់ឲ្យពងមាន់ដែលបានចៀនហើយមានទ្រង់ទ្រាយស្អាត និងមានសោភ័ណភាពគួរឲ្យទាក់ទាញ យើងអាចប្រើប្រដាប់មូរគីមប៉ាប់មកមូរបាន។
ទែន… ទែន នេះអី ពងមាន់ចៀនបែបកូរ៉េ! កុំភ្លេចសាកល្បងធ្វើទាំងគ្នាណា៎!
ប្រែសម្រួលដោយ ៖ ម៉េង ដាលីន