អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Jim Mattis កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានថ្លែងចោទប្រកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ថា កំពុងព្យាយាមបែងចែកបំបែកបំបាក់ប្រជាជនអាមេរិក។ លោក Mattis ក៏បានរិះគន់លោក ដូណាល់ ត្រាំ ប្រើប្រាស់កម្លាំងទាហានបង្ក្រាបបាតុករ បង្កភាពវឹកវរ។
បាតុកម្មបានផ្ទុះឡើងនៅសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ គឺក្រោយពេលបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់ ខណៈស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលិស ស្ថិតក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ។
លោក Jim Mattis អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលបានលាលែងពីតំណែង កាលពីអំឡុងឆ្នាំ ២០១៨ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ នោះ បានចេញសេចក្ដីថ្លែងការណ៍មួយ ផ្សព្វផ្សាយ នៅលើសារព័ត៌មាន Atlanticថា «លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីលើកដំបូងគេបំផុត នៅក្នុងជីវិតរបស់ខ្ញុំ ដែលមិនបានព្យាយាមបង្រួបបង្រួមពលរដ្ឋអាមេរិក សូម្បីតែការព្យាយាមរួបរួមក៏គ្មាន» ផងដែរ។ លោក Mattis បន្តថា «ផ្ទុយទៅវិញ គាត់ (ដូណាល់ ត្រាំ) ព្យាយាមបំបែកបំបាក់យើង ។ យើងកំពុងតែមើលឃើញអំពីផលវិបាក ក្នុងរយៈពេល៣ឆ្នាំមកនេះ ទៅលើការខំប្រឹងប្រែង ដោយចេតនានោះ» ។
លោក Jim Mattis ក៏បានប្រៀបធៀបស្ថានការណ៍នេះទៅនឹងសង្គ្រាមអាមេរិក ប្រឆាំងជាមួយពួកណាស៊ីអាល្លឺម៉ង់ ដោយកងទ័ពអាមេរិក ត្រូវបានក្រើនរំឭកឲ្យដឹងជាមុន ដែលថា «ពាក្យស្លោករបស់ពួកណាស៊ីដើម្បីកម្ទេចយើងនោះ…គឺថា «បំបែកបំបាក់ គឺជាជ័យជម្នះ»។
ជាមួយគ្នានេះដែរ លោក Mattis ក៏បានរិះគន់ចំដល់កងកម្លាំងអនុវត្តច្បាប់ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលថ្មីៗនេះបានបោសសម្អាតទៅលើក្រុមបាតុករធ្វើបាតុកម្ម ដោយសន្តិវិធី។ លោកបានរិះគន់ទៅនឹងការប្រើពាក្យថា «សមរភូមិ» របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ Mark Esper និងឧត្តមសេនីយ៍ទោ Mark Milley នាយអគ្គសេនាធិការកងទ័ពចម្រុះ ដែលសម្តៅទៅលើទីកន្លែងធ្វើបាតុកម្មរបស់ក្រុមបាតុករនៅក្នុងទឹកដីអាមេរិក ។
លោក Mattis បានសរសេរថា «យើងត្រូវតែបដិសេធរាល់ការគិតណាមួយ ដែលចាត់ទុករដ្ឋធានីទាំងឡាយរបស់យើងជាទីកន្លែង «សមរភូមិ»នោះ» ។
លោក ដូណាល់ ត្រាំ គំរាមដាក់ពង្រាយទាហានសកម្ម បើទោះជានៅក្នុងរដ្ឋនានា ប្រឆាំងចំពោះការប្រើប្រាស់ទាហានទាំងនោះយ៉ាងណាក៏ដោយ។ វាបានបង្កើតឲ្យមានភាពចលាចល នៅក្នុងជួរកងកម្លាំងយោធា ក៏ដូចនៅក្នុងសភាផងដែរ ខណៈសមាជិកសភាជាន់ខ្ពស់ នៃគណបក្សសាធារណរដ្ឋ បានព្រមានថា កម្លាំងកងទ័ពអាមេរិក អាចក្លាយទៅជា«ខ្ទមនយោបាយ»នោះយ៉ាងណាក៏ដោយ ។
លោក Mattis បានសរសេរថា «ការឆ្លើយតបដោយកងកម្លាំងយោធារបស់យើង ដូចដែលបានឃើញ នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បង្កើតឲ្យមានជម្លោះ ហើយក្លាយជាជម្លោះដ៏បរាជ័យមួយ រវាងសង្គមយោធា និងសង្គមស៊ីវិល» ៕ ប្រែសម្រួលដោយ៖ thach yat