ជនជាតិថៃសរុបចំនួន ២០៦នាក់ បានជាប់គាំងនៅក្នុងប្រទេសហូឡង់ និងប្រទេសម៉ាដាហ្គាស្កា ដោយការរីករាលដាលនៃវីរុសកូវីដ-១៩ បានវិលត្រឡប់មកប្រទេសថៃវិញនៅរសៀលថ្ងៃពុធនេះ។ ពួកគេត្រូវបានទទួលស្វាគមន៍ដោយមន្រ្តីត្រួតពិនិត្យជំងឺ រួមជាមួយឧត្តមសេនីយ៍ Paripat Palasin ជាអនុប្រធានបុគ្គលិក, ប្រធានព្រលានយន្តហោះ Kittipong Kittikachorn និងមន្រ្តីមកពីការិយាល័យលេខាធិការអចិន្ត្រៃយ៍ការពារជាតិ នៅឯអាកាសយានដ្ឋានសុវណ្ណភូមិផងដែរ ។
ក្នុងចំណោមអ្នកទាំង ២០៦នាក់ មាន ៧១នាក់ បានត្រឡប់មកពីប្រទេសហូឡង់តាមជើងហោះហើរ KL 875 ដោយចុះចតនៅវេលាម៉ោង ១២:១០នាទី។ ក្នុងអំឡុងពេលពិនិត្យសុខភាព មានមនុស្សម្នាក់ត្រូវបានគេរកឃើញថា មានគ្រុនក្តៅហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកផ្សេងទៀតត្រូវបានរថយន្តក្រុងដឹកយកទៅរក្សាទុកដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
រីឯជើងហោះហើរ QR៣៤៤៨ បានមកពីប្រទេសម៉ាដាហ្គាស្កា ដោយមានជនជាតិថៃចំនួន ១៣៥នាក់ បន្ថែមទៀត ដែលបានមកដល់ប្រទេសថៃនៅវេលាម៉ោង ៣:៣០ រសៀល។ ពួកគេបានត្រួតពិនិត្យសុខភាពហើយត្រូវបានគេបញ្ជូនទៅដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនៅឯសណ្ឋាគារ Cinnamon Residence ក្នុងទីក្រុងបាងកក ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post