ដំរីផើមមួយក្បាលត្រូវបានអ្នកភូមិប្រទះឃើញងាប់អណ្តែតទឹកទន្លេ Welliyar ស្ថិតនៅក្នុងស្រុក Palakkad រដ្ឋ Kerala ប្រទេសឥណ្ឌា បន្ទាប់ពីគេដឹងថា សត្វដំរីមួយក្បាលនេះ បានស៊ីផ្លែម្នាស់បង្កប់ទៅដោយសារធាតុផ្ទុះ ទើបបណ្ដាលឲ្យផ្ទុះ រងរបួសធ្ងន់ធ្ងរនៅត្រង់មាត់ ហើយងាប់បែបនេះ ។
មន្ត្រីឥណ្ឌាក្នុងតំបន់បានបញ្ជាក់នៅថ្ងៃទី៣ ខែមិថុនាថា ដំរីផើមមួយក្បាលនេះបានងាប់ បន្ទាប់ពីស៊ីផ្លែឈើបង្កប់ដោយជាតិផ្ទុះ ។ នៅពេលបានឮដូចនេះ ធ្វើឲ្យពលរដ្ឋក្នុងតំបន់ខឹងសម្បាយ៉ាងខ្លាំងទៅលើអ្នកដែលបានជ្រើសរើសយកវិធីសាស្ត្របែបនេះ ដើម្បីការពារផលដំណាំ ឬផ្ទះសម្បែងរបស់ពួកគេពីការយាយីដោយសត្វដំរីនោះ ។
តាមមន្ត្រីឥណ្ឌាបាននិយាយថា សត្វដំរីផើមមួយក្បាលនេះ បានឃើញដើរចូលទៅក្នុងភូមិមួយ នៅជិតឧទ្យានជាតិជ្រលងភ្នំស្ងប់ស្ងាត់ ស្ថិតនៅភាគខាងត្បូង រដ្ឋ Kerala កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ ។ មន្ត្រីដដែលបន្តថា ដំរីនេះបានស៊ីផ្លែឈើ គឺផ្លែម្នាស់ដែលមានបង្កប់រំសេវផ្ទុះ បណ្តាលឲ្យផ្ទុះរងរបួសនៅត្រង់មាត់ ។
មន្ត្រីដដែលបន្តថា «យើងកំពុងស៊ើបអង្កេតមូលហេតុនាំឲ្យផ្ទុះនេះ ក៏ដូចជាចំណីដែលដំរីនោះបានស៊ីផងដែរ ។ យើងកំពុងស៊ើបអង្កេតរកមនុស្ស និងកាលៈទេសៈដែលនាំឲ្យដំរីផើមមួយក្បាលនេះងាប់» ។
អ្នកស្រុកនៅក្នុងតំបន់ ជាញឹកញាប់តែងតែប្រើប្រាស់រំសេវផាវ ឬសារធាតុផ្ទុះដទៃផ្សេងទៀត ដាក់នៅក្នុងផ្លែម្នាស់ ដើម្បីធ្វើឲ្យទៅដូចជាគ្រាប់បែកផ្ទុះឡើង សម្រាប់ការពារភូមិឋាន ក៏ដូចចម្ការដំណាំរបស់ពួកគេពីការយាយីដោយសត្វព្រៃគ្រប់ប្រភេទ ក្នុងនោះ មានសត្វដំរីជាដើម ។
ប្រទេសឥណ្ឌាបានបាត់បង់ព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប៉ុន្មានទសវត្សថ្មីៗ ដែលមូលហេតុនេះហើយ សត្វព្រៃទាំងនោះ ជាពិសេសដំរីតែម្តង តែងតែដើរវង្វេងចូលភូមិឋានរបស់អ្នកស្រុក ។
របាយការណ៍កត់ត្រាដោយរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ មនុស្សប្រហែល ២ ៣៦១ នាក់បានស្លាប់ ដោយសារការវាយប្រហារពីសត្វដំរី ហើយក្នុងអំឡុងពេលដូចគ្នានេះ សត្វដំរីប្រហែល ៥១០ ក្បាលបានងាប់ ក្នុងនោះ សត្វដំរី៣៣៣ក្បាល បានងាប់ដោយសារការឆ្លងចរន្តអគ្គិសនី និងប្រហែល ១០០ ក្បាលទៀត ងាប់ដោយសារការបរបាញ់ និងការបំពុល ៕ ប្រែសម្រួលដោយ៖ thach yat