អាមេរិកប្រហែលរារាំងជើងហោះហើរដឹកអ្នកដំណើរពីប្រទេសចិន មិនឲ្យចូលទៅកាន់អាមេរិកចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ហើយនេះជាការប្រឈមមុខតានតឹងចុងក្រោយបំផុតរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរនៅក្នុងពិភពលោក ។
សារព័ត៌មាន BBC បានផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានប្រកាសថា ក្រសួងបាននិងកំពុងពិន័យចំពោះទីក្រុងប៉េកាំង ដែលច្រានចោលការអនុញ្ញាតជើងហោះហើរអាមេរិក មិនឲ្យបន្តការហោះហើរចូលទៅកាន់ប្រទេសចិន ខណៈដែលជំងឺរាតត្បាតនៅក្នុងប្រទេសនេះមានការថយចុះហើយនោះ ។
កាលពីប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ ប្រទេសទាំងពីរមានជម្លោះចោទប្រកាន់គ្នាទៅវិញទៅមកអំពីបញ្ហាជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាគោលនយោបាយរបស់ចិនទៅលើដែនដីហុងកុងផងដែរ ។
យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ខ្លួននៅតែបន្តរក្សាភ្ជាប់ការធ្វើដំណើរតាមជើងអាកាសដដែល តែស្ថិតនៅក្នុងកម្រិតចំនួនកំណត់ ។
ក្រសួងដឹកជញ្ជូនអាមេរិកបានដាក់ចេញនូវបទបញ្ជា អនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៤ បន្តប្រតិបត្តិការរបស់ខ្លួនចូលក្នុងទឹកដីអាមេរិក គឺក្រុមហ៊ុន Air China, China Eastern Airlines, China Southern Airlines និង Hainan Airlines ដែលអាកាសចរណ៍ទាំងនេះ បានបន្តការហោះហើរចេញ-ចូលរវាងប្រទេសទាំងពីរអំឡុងពេលជំងឺឆ្លងរាតត្បាត បើទោះបីបានកាត់បន្ថយចំនួនជើងហោះហើរយ៉ាងណាក៏ដោយ ។
ពេលនេះ គេនៅរង់ចាំការសម្រេចចុងក្រោយពីប្រធានាធិបតីដូណាល់ ត្រាំ ទើបមានប្រសិទ្ធភាពលើការរារាំងជើងហោះហើរដឹកអ្នកដំណើរពីចិនចូលទៅកាន់ទឹកដីអាមេរិកនោះ ៕ ប្រែសម្រួលដោយ៖ thach yat