អ្នកប្រដាល់មកពីកំពង់ស្ពឺ ឡៅ ចិត្រា ស្ដាយណាស់មិនគួរមានរបួសចំពេលដែលគេកំពុងមានកម្មវិធីប្រកួតច្រើន ជាពិសេសកម្មវិធីដណ្ដើមប្រាក់លានៗតែម្ដង។
កីឡាករ ឡៅ ចិត្រា បានឲ្យសារព័ត៌មានក្នុងស្រុកមួយដឹងថា មកដល់ពេលនេះរបួសដៃរបស់ខ្លួននៅឈឺនៅឡើយទេ មិនទាន់អាចចូលហ្វឹកហាត់ ឬឡើងប្រកួតវិញបានឡើយ។ យ៉ាងណាមិញ ចិត្រា ក៏មិនទាន់ច្បាស់ថាខ្លួនឯងត្រូវចំណាយពេលប៉ុន្មានទៀតដើម្បីព្យាបាលរបួសនេះ តែបើជាសះស្បើយពេលណាចូលហាត់វិញពេលនោះ។
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២គ្រឿងរូបនេះបន្តលើកឡើងទៀតថា ពេលឃើញកីឡាករដទៃប្រកួតជាហូរហែជាពិសេសបានថវិកាច្រើនដូចជាដណ្ដើមប្រាក់លានផងនោះ ខ្លួនឯងពិតជាចង់ឡើងប្រកួតដូចគេដែរប៉ុន្តែបែរមានរបួសទៅវិញ។ ចិត្រា ក៏មិនបានខកបំណងអ្វីណាស់ណាដែរ ធ្វើម៉េចបើប្រកួតហើយរបួសបែបនេះ។
រំលឹកដែរថា កីឡាករ ឡៅ ចិត្រា មានរបួសប្រេះឆ្អឹងប្រអប់ដៃឆ្វេងនាការប្រកួតដណ្ដើមពានរង្វាន់លោក ម៉ា សេរី កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ៕