Motorola Edge+ ដែលជាស្មាតហ្វូនលំដាប់ Flagship ជំនាន់ចុងក្រោយរបស់ Motorola មានបំពាក់ប្រព័ន្ធកាមេរ៉ាដ៏លេចធ្លោមួយ ដែលមានកាមេរ៉ាមេទំហំ ១០៨MP, មានកាមេរ៉ា Telephoto អាច Zoom បានបីដង និងកាមេរ៉ា Ultrawide មួយគ្រាប់ទៀត។ ប្រព័ន្ធកាមេរ៉ានេះដែរ អាចឲ្យ Motorola Edge+ ទទួលបានពិន្ទុសរុបត្រឹម ១១៣ ពីការធ្វើតេស្តរបស់ DxOMark មិនអាចឲ្យស្មាតហ្វូននេះស្ថិតក្នុងលំដាប់កំពូលទាំង ១០។ ប៉ុន្តែវាស្ថិតនៅលំដាប់ពិន្ទុដូចគ្នានឹងស្មាតហ្វូនខ្លាំងៗកាលពីឆ្នាំ ២០១៩ ដូចជា Galaxy S10+ និង OnePlus 7T Pro។
ចំពោះការថតរូបសន្លឹក Edge+ ទទួលបានពិន្ទុចំនួន ១១៩ ដែលគេបានលើកសរសើរកាមេរ៉ាមេ និងកាមេរ៉ា Ultrawide អាចផលិតរូបភាពបានស្អាត រូបភាពគឺមានភាពច្បាស់និងពណ៌ស្អាត ហើយមានគ្រាប់ Noise ទាប។ ចំណុចខ្សោយគឺនៅត្រង់កាមេរ៉ា Telephoto ដែលពេល Zoom លើសពីបីដង រូបភាពចាប់ផ្ដើមបាត់បង់គុណភាពរហ័សបំផុត។ ចំពោះការថតវីដេអូវាអាចទទួលបាន ១០១ពិន្ទុ ដែលពិន្ទុនេះគឺស្ថិតនៅក្បែរនឹង Galaxy S20 Ultra និង iPhone 11 Pro Max ដែរ ដោយចាញ់ត្រឹម ១ពិន្ទុប៉ុណ្ណោះ ហើយពិន្ទុនេះគឺលើសពីអ្វីដែល S10+ និង 7T Pro ទទួលបាន។ វីដេអូ 4K/30fps មានសភាពច្បាស់ល្អ និងមាន Dynamic Range ស្អាត ដែលលេចធ្លោព្រោះកាមេរ៉ាទំហំ ១០៨MP។ ចំពោះការថតវីដេអូនៅទីងងឹតក៏ធ្វើការបានល្អដែរ ដោយវាអាចរក្សាគ្រាប់ Noise ឲ្យទាប បានល្អជាង iPhone 11 Pro Max ទៅទៀត៕