កម្មវិធី Android មួយឈ្មោះថា “Remove China Apps” បង្កើតឡើងដោយក្រុមហ៊ុនឥណ្ឌាឈ្មោះ One Touch AppLabs បានក្លាយជាកម្មវិធីដែលពេញនិយមខ្លាំងមួយនៅឥណ្ឌា ដែលគិតចាប់តាំងពីខែឧសភាមក វាមានចំនួនទាញយកចូលដល់ខ្ទង់ ១លានដងហើយ។
កម្មវិធី “Remove China Apps” នេះមានតួនាទីដូចជាឈ្មោះកម្មវិធីអ៊ីចឹង គឺវានឹងប្រាប់ថាកម្មវិធីលើទូរសព្ទដែលគេបានដំឡើងណាមួយជាកម្មវិធីចិន ហើយអាចបញ្ជាលុបកម្មវិធីនោះចេញពីទូរសព្ទ។ យ៉ាងណាក្ដីកម្មវិធីនេះមិនអាចដឹងអំពីប្រភពកម្មវិធីដែលមានដំឡើងលើទូរសព្ទរួចជាស្រេច (Pre-Installed) នោះទេ។ គួរដឹងថាកម្មវិធីខាងលើនេះមានចំនួនអ្នកទាញយកច្រើននៅឥណ្ឌាក៏ដោយសារតែប្រទេសឥណ្ឌា និងប្រទេសចិន កំពុងតឹងសរសៃកដាក់គ្នាជុំវិញជម្លោះព្រំដែននៅតំបន់ជួរភ្នំហិមាល័យ៕