ម្ចាស់មេដាយមាសស៊ីហ្គេម ២០១៧ ឃីម ឌីម៉ា អរគុណចំពោះអ្នកគាំទ្រមួយចំនួនដែលតែងតែសួរនាំសុខទុក្ខជានិច្ចបើទោះជាខ្លួនអាក់ខានឡើងប្រកួតយូរយារយ៉ាងនេះក្ដី។ ជើងខ្លាំងគុនខ្មែរ ឃីម ឌីម៉ា បានឲ្យក្រុមសារព័ត៌មានដឹងពីម្សិលមិញនេះថា ជំងឺជង្គង់របស់ខ្លួននៅតែឈឺចាប់នៅឡើយទេ ទោះឆ្លងកាត់ការវះកាត់ និងព្យាបាលអស់រយៈពេលជាង១ឆ្នាំមកនេះយ៉ាងណាក៏ដោយ។ ឌីម៉ា បន្តប្រាប់ទៀតថា នៅពេលនេះខ្លួនក៏ចាប់ផ្ដើមរត់ហ្វឹកហាត់ និងហាត់កណ្ដាប់ដៃខ្លះៗដែរប៉ុន្តែមិនទាន់ខ្លាំងក្លានោះឡើយ។ ទាក់ទិនទៅនិងការឡើងប្រកួតបាន ឬមិនបាននៅពេលខាងមុខនោះ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះមិនទាន់ច្បាស់នៅឡើយទេពោលបើនៅបន្តឈឺទៀតប្រហែលអាចនឹងបោះបង់ចោលតែម្ដង។
កូនប្រុសលោក ហេង ប៊ុនឃីម ខាងលើនេះពិតជាអរគុណដោយអស់ពីចិត្ត ចំពោះអ្នកគាំទ្រមួយចំនួនដែលតែងតែស្រឡាញ់នឹករលឹក និងសួរនាំជានិច្ចអំពីស្ថានភាពជំងឺរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះថែមទាំងជួយលើកទឹកចិត្តរហូតផងដែរ។ រំលឹកដែរថា កីឡាករ ឃីម ឌីម៉ា ជាអតីតកីឡាករជម្រើសជាតិប្រដាល់គុនខ្មែរនៅឆ្នាំ ២០១៧ និងជាម្ចាស់មេដាយមាស១គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំនោះផងដែរនៅឯប្រទេសម៉ាឡេស៊ី។ ឌីម៉ា មានរបួសជង្គង់កាលពីជាង១ឆ្នាំមុនហើយកំពុងបន្តព្យាបាលរហូតមកដល់ពេលនេះដែលធ្វើឲ្យរូបគេមិនទាន់អាចឡើងប្រកួតវិញបាននោះទេ៕