គិតត្រឹមខែឧសភា ដើមឆ្នាំ២០២០ ករណីអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថយចុះមកនៅត្រឹម៤២នាក់ ដែលទិន្នន័យនេះ ត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានវាយតម្លៃថា គឺជាតួលេខដែលនៅមានកំណើនខ្ពស់ដដែល។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យនិងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤.៧៦៥ករណី ក្នុងនោះមានទោសចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន៣២.៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២.០៣៩ ករណី ស្នើនឹង២៧%។
ប្រភពដដែលបានបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន១៣០លើក ស្មើ៣៧% អ្នកស្លាប់៤២នាក់ ស្មើ២៧% អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២%។
អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់ នៅក្នុងរបាយការណ៍នេះ ទោះបីជាស្ថានភាពចរាចរណ៍ មានភាពកាន់តែល្អប្រសើរក្តី ប៉ុន្តែករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែមានតួលេខគួរឱ្យបារម្ភ ជាពិសេសអត្រាខ្ពស់ នៃគ្រោះថ្នាក់ចំពោះអ្នកជិះម៉ូតូ និងអត្រាខ្ពស់នៃការមិនពាក់មួកសុវត្ថិភាព នៅតែបន្តកើតមាន។
ប្រការទាំងនេះ គឺត្រូវទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តពង្រឹងស្មារតីប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បើតាមនាយឧត្តមសេនីយហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា អត្រាគ្រោះថ្នាក់រហូតដល់ស្លាប់ គឺបានកើតឡើងភាគច្រើនចំពោះអ្នកជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ។
លោកនាយឧត្តមសេនីយបានបញ្ជាក់ថា” ករណីបង្កគ្រោះថ្នាក់រហូតដល់ស្លាប់ គឺបណ្តាលមកពីមិនពាក់មួកពេលធ្វើដំណើរ ល្បឿន សេពគ្រឿងស្រវឹងជាដើម”។
សូមបញ្ជាក់ថា ដោយសារករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមាន ដូច្នេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តគោរព និងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានព្រមៗគ្នា ដោយត្រូវបំពេញកាតព្វកិច្ច ដែលច្បាប់បានកំណត់ ប្រកបដោយស្មារតីភ្ញាក់រម្លឹកខ្ពស់ ដើម្បីរួមចំណែកលើកស្ទួយកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ៕ ដោយ៖ ឃួន លក្ខិណា