ពាក្យថា «ចេតិយ» ក្នុងពេលបច្ចុប្បន្ននេះសំដៅលើសំណង់សម្រាប់តម្កល់អដ្ឋិធាតុ (ឆ្អឹងខ្មោច) របស់សាច់ញាតិ ឬឪពុកម្ដាយ ជីដូនជីតាដែលបានចែកឋានទៅ។
គេមិនទាន់ដឹងពីកាលបរិច្ឆេទច្បាស់លាស់នៃវត្តមានចេតិយក្នុងប្រវត្តិសាស្ត្រខ្មែរនៅឡើយទេ ប៉ុន្តែតាមការសង្កេតចេតិយបានលេចវត្តមានកាន់តែច្បាស់ក្នុងនគរខ្មែរ ចាប់តាំងពីសម័យក្រោយអង្គរមកដោយភាគច្រើនប្រើសម្រាប់តម្កល់ព្រះអដ្ឋិធាតុព្រះមហាក្សត្រ ឬមន្ត្រីជាន់ខ្ពស់ជាដើម។
ចេតិយមានវ័យចំណាស់ដែលសល់សំណង់រឹងមាំល្អក្នុងប្រទេសកម្ពុជា គេឃើញមានដូចជា ចេតិយជ័យនន្ទ (រូបទី១) ក្នុងបរិវេណប្រាសាទអង្គរវត្តសង់ចុង ស.វ១៧, កំពូលចេតិយនៃប្រាសាទនគរបាជ័យសង់ក្នុងស.វទី១៦ (រូបទី២), ចេតិយក្នុងប្រាសាទព្រះខ័ន (រូបទី៣) និងព្រះចេតិយព្រះស្រីសុគន្ធបទក្នុងបរិវេណវត្តស៊ីធរ ទួលបាសាន សង់ស.វ១៦? (រូបទី៤)៕