កងកម្លាំងទាហានអាមេរិកយ៉ាងតិច ១ ៦០០ នាក់ត្រូវបានចល័តឲ្យចូលទៅកាន់តំបន់ វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក បន្ទាប់ពីការផ្ទុះឡើងនូវបាតុកម្មហិង្សាទាំងយប់ ទាំងថ្ងៃរបស់ក្រុមបាតុករ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណ បានចល័តកងទ័ពចូលទីក្រុងវ៉ាស៊ីនតោនប្រហែល ១ ៦០០ នាក់ ។ ការចូលមកដល់របស់កម្លាំងទាហានទាំងនោះដើម្បីគ្រប់គ្រងស្ថានការណ៍ហិង្សា ដែលបង្កឡើងដោយក្រុមបាតុករ ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Rath Hoffman បានថ្លែងថា កងទ័ពកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ ប៉ុន្តែ «មិនបានចូលរួមគាំទ្រផ្នែកការពារប្រតិបត្តិការរបស់អាជ្ញាធរស៊ីវិលនោះទេ» ។ លោកថា កម្លាំងសកម្មទាំងនេះស្ថិតនៅមូលដ្ឋាន National Capital Region ប៉ុន្តែមិនមែននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនោះទេ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ បានស្នើដល់កងកម្លាំងយោធាជួយគ្រប់គ្រងស្ថានការណ៍នៅតាមដងផ្លូវក្នុងរដ្ឋធានានា ដែលកំពុងញាំញីដោយក្រុមបាតុកររាប់ពាន់នាក់ ។ ក្រុមបាតុករដង្ហែក្បួន ស្រែកទាមទារយុត្តិធម៌ជូនបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ដែលស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយសារប៉ូលិសម្នាក់យកជង្គង់សង្កត់ក ប្រហែលជាង៨នាទី ថប់ដង្ហើម ស្ថិតនៅទីក្រុង Minneapolis រដ្ឋ Minnesota ។
បាតុកម្មរីករាលដាលពាសពេញទីក្រុងសំខាន់ នៅទូទាំងអាមេរិក ក្នុងនោះពេលខ្លះផ្ទុះឡើងនូវអំពើហិង្សា និងឆក់ប្លន់ទ្រព្យសម្បត្តិសាធារណៈ ដែលជាហេតុនាំឲ្យកម្លាំងយោធាចេញមុខធ្វើអន្តរាគមន៍ ៕ ប្រែសម្រួលដោយ៖ thach yat