បើតាមតួលេខថ្មីបំផុត ដែលគេហទំព័រ Worldometers.info បានផ្សាយថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា កូវីដ១៩ បានសម្លាប់មនុស្សកើនឡើងដល់ទៅ ៣៨១ ៧១៨ នាក់ និងអ្នកឆ្លងកើនឡើង ៦ ៤៧៤ ០៧៥ នាក់។ ចំណែកអ្នកជំងឺជាសះស្បើយវិញ កើនដល់ទៅ ៣ ០០៦ ៨៣១ នាក់ ផងដែរ។
បច្ចុប្បន្ន ការឆ្លងរាលដាលកូវីដ១៩ មានសញ្ញាថយចុះជាបន្តបន្ទាប់ ដោយសារប្រទេសដែលឆ្លងច្រើន នៅក្នុងតំបន់អឺរ៉ុប គ្រប់គ្រងការឆ្លងបានយ៉ាងល្អបំផុត។
បើគិតមកដល់ថ្ងៃទី៣ ខែមិថុនានេះ ប្រទេសទាំង១០ដែលមានអ្នកឆ្លងច្រើនជាងគេ គឺលើសពី១៧០ ពាន់នាក់ មិនមានការផ្លាស់ប្តូរច្រើននោះឡើយ។ អាមេរិក ជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងកើនឡើងដល់ទៅ ១ ៨៨១ ២០៥ នាក់ និងស្លាប់១០៨ ០៥៩នាក់ ។ បន្ទាប់មក គឺប្រទេសប្រេស៊ីល មានអ្នកឆ្លងកើនឡើងដល់ ៥៥៦ ៦៦៨ នាក់ និងស្លាប់ ៣១ ១៩៩នាក់។ រុស្ស៊ីស្ថិតនៅលំដាប់ទី៣ ដោយមានអ្នកឆ្លង៤២៣ ៧៤១នាក់ ប៉ុន្តែអ្នកស្លាប់វិញ មានតែ៥០៣៧នាក់តែប៉ុណ្ណោះ។
បើតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក ចំនួនអ្នកឆ្លងកូវីដ១៩ថ្ មីក្នុងមួយថ្ងៃៗ មានសញ្ញាថយចុះ ជាពិសេសគឺនៅក្នុងតំបន់អឺរ៉ុប និងអាស៊ាន បើទោះជាប្រទេសមួយចំនួន នៅមានអ្នកឆ្លងច្រើនក្តី ។ អង្គការសុខភាពពិភពលោក បានស្នើដល់បណ្តាប្រទេសទាំងអស់ ត្រូវប្រុងប្រយ័ត្ន បញ្ចៀសការឆ្លងកូវីដ១៩ជាលើកទីពីរ ក្នុងពេលប្រទេសបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕ ប្រែសម្រួលដោយ៖MEO