យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង B-1B របស់អាមេរិក បានហោះហើរចេញពីមូលដ្ឋានកងទ័ពអាកាស ស្ថិតក្នុងរដ្ឋ South Dakota សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់តំបន់សមុទ្រខ្មៅ ដើម្បីធ្វើសមយុទ្ធជាមួយសម្ពន្ធមិត្តណាតូរបស់ខ្លួន ក្នុងនោះក៏មានការចូលរួមពីដៃគូរបស់កងទ័ពអាកាសអ៊ុយក្រែន ជាលើកដំបូងបំផុតផងដែរ ។
បើតាមការផ្សាយរបស់ប្រភព Sputnik កាលពីថ្ងៃទី២ ខែមិថុនា បញ្ជាក់ថា ការធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់បែក បំពាក់ដោយប្រព័ន្ធមីស៊ីល ប្រឆាំងនាវារបស់អាមេរិកនោះ គឺជាសកម្មភាពមួយដែលគេដឹងថា ដើម្បីប្រឆាំងទៅលើកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី ដែលកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់នោះ។ សកម្មភាពរបស់អាមេរិកបែបនេះ បានអនុវត្តឡើង ដើម្បីប្រឆាំងនឹងវត្តមានរបស់កងកម្លាំងទ័ពទឹកទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ផងដែរ។
នេះជាបង្ហាញកម្លាំងរបស់ខ្លួន តាមរយៈការហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។ យន្តហោះទម្លាក់គ្រាប់ B-1B Lancer បានហោះហើរ ចាកចេញពីមូលដ្ឋានកងទ័ពអាកាស Ellsworth ស្ថិតក្នុងរដ្ឋ South Dakota ឆ្ពោះទៅកាន់តំបន់អឺរ៉ុប នាភាគខាងកើត និងសមុទ្រខ្មៅ ។ កងកម្លាំងជើងអាកាសដទៃផ្សេងទៀត បានហែហមត្រសងគ្នា ហើយប្រហែលជាមានកងកម្លាំងយន្តហោះចម្បាំងរបស់អ៊ុយក្រែនផងដែរ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ Jeff Harrigian មេបញ្ជាការកងកម្លាំងជើងអាកាសអាមេរិក ប្រចាំតំបន់អឺរ៉ុប និងអាហ្វ្រិក (USAFE) បានថ្លែងថា «បេសកកម្មរបស់យន្តហោះទម្លាក់គ្រាប់បែក ដែលហោះហើរទៅកាន់តំបន់អឺរ៉ុបនោះ គឺបង្ហាញការប្តេជ្ញាចិត្តរបស់យើង ចំពោះសម្ពន្ធមិត្ត និងដៃគូទាំងអស់ ហើយក៏ជាការផ្តល់សារយ៉ាងច្បាស់លាស់ ប្រឆាំងចំពោះសត្រូវណាមួយដែលប៉ុនប៉ងយាយី មកលើសម្ពន្ធមិត្តរបស់យើង» ។
សេចក្តីថ្លែងការណ៍បន្តថា «ការរួមបញ្ចូលគ្នានូវវត្តមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់យើង នៅតំបន់អឺរ៉ុប ហើយនេះក៏ជាការបញ្ជាក់ឲ្យឃើញថា សហរដ្ឋអាមេរិក ព្រមជាមួយសម្ពន្ធមិត្ត ឬដៃគូ គឺត្រៀមខ្លួនទប់ស្កាត់រួចជាស្រេច ហើយបើករណីចាំបាច់នោះ យើងអាចនឹងប្រើប្រាស់សមត្ថភាពទាំងអស់នេះ រួមជាមួយគ្នាបាន»។
សូមបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងរបស់អាមេរិក នៅពេលនេះបានចូលរួមធ្វើសមយុទ្ធជាមួយយន្តហោះចម្បាំងប្រទេសប៉ូឡូញ ប្រភេទ F-16s និង MiG-29s, យន្តហោះចម្បាំងរបស់ រ៉ូម៉ានី ប្រភេទ F-16s និងប្រភេទ MiG-21s, យន្តហោះចម្បាំងប្រទេសក្រិក ប្រភេទ F-16s។ ចំណែកអ៊ុយក្រែន ក៏បានបញ្ជូនយន្តហោះចម្បាំង Su-27s និង MiG-29s ឲ្យចូលរួមសមយុទ្ធជាមួយអាមេរិកផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat