អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ស្នើកែតម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោយការស្លាប់របស់ George Floyd
ការស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd គឺក្រោមស្នាដៃរបស់ប៉ូលិសស្បែកសអាមេរិក នៅតំបន់ Minneapolis បានបង្កឲ្យមានបាតុកម្មកើតឡើង នៅទូទំាងប្រទេស អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។ ជាមួយគ្នានេះដែរ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបង្ហោះនូវអត្ថបទមួយ អំពាវនាវដល់ពលរដ្ឋ នៅទូទាំងប្រទេស ចាប់ដៃគ្នាពង្រឹងប្រព័ន្ធយុត្តិធម៌ និង ដោះស្រាយបញ្ហាប្រកាន់ជាតិសាសន៍។
កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ ដើម្បីបំបែកហ្វូងបាតុកម្ម។ ប៉ុន្ដែផ្ទុយទៅវិញ លោក អូបាម៉ា បានសរសេនៅលើបណ្តាញសង្គម Medium ថា« ការធ្វើបាតុកម្ម នៅទូទាំងសហរដ្ឋអាមេរិក បង្ហាញពីការខកចិត្តយ៉ាងខ្លាំង ចំពោះប្រព័ន្ធយុត្តិធម៌។ ចាប់តាំងពីដើមមក អាមេរិកគួរតែកែតម្រង់សកម្មភាពរបស់កម្លាំងប៉ូលិស ជាពិសេសគឺប្រព័ន្ធយុត្តិធម៌»។
អតីតប្រធានាធិបតី អូបាម៉ា បានប្រកាសថា « ភាគច្រើន អ្នកចូលរួមធ្វើបាតុកម្ម គឺបានធ្វើឡើង ដោយសន្តិភាព។ ពួកគាត់គួរតែទទួលបានការគាំទ្រ គោរពជាជាងថ្កោលទោសដល់ក្រុមបាតុករ»។ ជាមួយគ្នានេះដែរ លោក អូបាម៉ា ក៏បានលើកឡើងពីចំនួនពលរដ្ឋទៅបោះឆ្នោតប្រធានាធិបតីអាមេរិក ជាពិសេសគឺយុវវ័យ ដែលជាអ្នកអាចកែប្រែអាមេរិក។
ស្ថានភាពនៅលើទឹកដីអាមេរិក នាពេលនេះ ជាឱកាសសម្រាប់គណបក្សប្រជាធិបតេយ្យ ដើម្បីស្វែងរកការគាំទ្រកាន់តែច្រើនពីពលរដ្ឋ សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ គោលដៅរបស់គណបក្សប្រជាធិបតេយ្យ គឺទទួលបានសំឡេងភាគច្រើន ទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធភា ទើបងាយស្រួល នៅក្នុងការអនុម័តច្បាប់នានា ៕ ប្រែសម្រួលដោយ៖ ប្រែសម្រួលដោយ៖ MEO