រូបគំនូរដ៏កម្រពីរាជវាំងខ្មែរសម័យឧដុង្គត្រូវជនជាតិអឺរ៉ុបលាតត្រដាងក្នុងកំណត់ហេតុរបស់ខ្លួន (ហង់រី ម៉ូហូត៍)។ នៅក្នុងគំនូរនោះព្រះរាជវាំងមានរបងការពារធ្វើអំពីឈើ មានគូទឹកព័ទ្ធជុំវិញ និងមានក្លោងទ្វារមួយចូលពីខាងកើត។
បរិវេណបែងចែកជា៣ផ្នែក៖ ផ្នែកទី១មានកន្លែងកងការពារ គឺសំណង់ឈើសម្រាប់ទាហានយាមកាម និងមានដាក់កាំភ្លើងធំនៅតាមផ្លូវចូលទៅព្រះរាជដំណាក់។ ផ្នែកទី២៖ គឺជាកន្លែងសវនាការ និងព្រះរាជដំណាក់។ ទីនោះមានស្រះទឹកធំ២ ហើយមានកន្លែងចិញ្ចឹមសេះ និងម្ខាងទៀតមានកូនប្រាសាទតូចមួយ និងសាលដ៏ធំសម្រាប់សោយព្រះក្រយា និងទតរបាំ។
នៅខាងស្ដាំរោងរបាំគឺកន្លែងសម្រាប់តាំងគ្រឿងអលង្ការ កន្លែងសម្រាប់ព្រះរាជាគង់ប្រថាប់កម្សាន្ត និងមានសួនច្បារ។ នៅខាងឆ្វេងរោងរបាំ មានកន្លែងសម្រាប់ព្រះសង្ឃគង់ និងមានកន្លែងសម្រាប់ទទួលភ្ញៀវអន្តរជាតិធំៗ និងសម្រាប់មន្ត្រីជាន់ខ្ពស់។ ផ្នែកទី៣ (ខាងក្រោយវាំង) ជាកន្លែងរោងជាង និងកន្លែងជិះសេះ។
ខាងក្រោយព្រះរាជវាំងគឺជាព្រៃ (លោកហង់រី ម៉ូហូត៍ សរសេរថាមានទ្វារមួយទៀតទៅស្រុកស្រែ) ខាងជើងវាំងមានស្ទឹង នៅខាងកើតផ្លូវចេញចូលមានផ្លូវធំ ផ្លូវខាងត្បូងទៅភ្នំព្រះរាជទ្រព្យ និងផ្លូវខាងជើងឆ្ពោះទៅកំពង់ហ្លួង៕