រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ និងការស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃអង្គារ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ទៅ ៣០៨៣នាក់ ហើយចំនួនអ្នកស្លាប់សរុបក្នុងប្រទេសកើនឡើងដល់ ៥៨នាក់។
អ្នកស្លាប់ថ្មីគឺជាបុរសចំណាស់ម្នាក់អាយុ ៨០ឆ្នាំ រស់នៅខេត្ត Narathiwat ។ អ្នកជំងឺចុងក្រោយគឺជានិស្សិតប្រុសអាយុ ៣២ ឆ្នាំដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា និស្សិតរូបនេះបានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតតាមរយៈប្រទេសម៉ាឡេស៊ី។ គាត់់បានចូលប្រទេសថៃតាមរយៈច្រកទ្វារព្រំដែន Padang Besar ក្នុងខេត្ត Songkhla កាលពីថ្ងៃទី២៥ ឧសភា ហើយត្រូវបានគេដាក់ឱ្យនៅដាច់ពីគេនៅក្នុងខេត្តនេះតែម្តង។ គាត់បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ប៉ុន្តែនៅថ្ងៃទី៣០ ខែឧសភាគាត់មានអាការគ្រុនក្តៅនិងហៀរសំបោរ។ នៅថ្ងៃទី៣១ ខែឧសភាគាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។
វេជ្ជបណ្ឌិត Taweesilp បានបន្ថែមថា“ ក្នុងចំណោមមនុស្សចំនួន ៣១នាក់ដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតតាមរយៈប្រទេសម៉ាឡេស៊ី មានចំនួន ៨នាក់ហើយដែលបានឆ្លងជំងឺនេះ។អ្នកស្លាប់ថ្មីគឺបុរសថៃអាយុ ៨០ ឆ្នាំដែលមានជំងឺហឺត។ នៅថ្ងៃទី ២៨ ខែមេសាគាត់បានទៅមន្ទីរពេទ្យមួយនៅស្រុក Sungai Kolok នៃខេត្ត Narathiwat ដើម្បីធ្វើការវះកាត់ត្រគាក។ បន្ទាប់មកគាត់ត្រូវបានគេនាំទៅសម្រាកនៅក្នុងបន្ទប់មួយដែលមានអ្នកជំងឺម្នាក់ទៀតត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដ-១៩។ បុរសចំណាស់រូបនេះបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី៩ ខែឧសភា។ អ្នកជំងឺត្រូវបានគេដាក់ខ្យល់អុកស៊ីសែនជាប់រហូតហើយគាត់បានទទួលមរណភាពកាលពីថ្ងៃចន្ទ។
ក្រុមគ្រូពេទ្យ និងសាច់ញាតិដែលមកសួរសុខទុក្ខអ្នកជំងឺទាំងអស់ចំនួន ១៩១នាក់នៅក្នុងមន្ទីរពេទ្យ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកដើម្បីធានាសុវត្ថិភាព។ ក្នុងចំណោមអ្នកឆ្លងទាំង ៣០៨៣ នាក់ មាន ២៩៦០នាក់បានជាសះស្បើយ និងបន្សល់ទុកះអ្ន្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥៩ នាក់ទៀត។ នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវី-១៩ចំនួន ៦.៣៦លាននាក់ និងមានអ្នកស្លាប់ចំនួន ៣៧៧៤៣៧នាក់។ សហរដ្ឋអាមេរិកជាប្រទេសមានអ្នកឆ្លងច្រើនបំផុតចំនួន ១.៨៦លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតចំនួន ១០៦៩២៥ នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post