ក្រោយថៃចាញ់ក្ដីកម្ពុជាក្នុងការទាមទារសិទ្ធកាន់កាប់ប្រាសាទព្រះវិហារជាទីសក្ការ ប្រទេសនេះបានសាងសង់ប្រាសាទចម្លងមួយដូចគ្នាសឹងបេះបិទ ថែមទាំងដោតទង់ជាតិរបស់ខ្លួន (ទង់ក្រហមរូបដំរី.ស ជាទង់ជាតិថៃសម័យមុន) នៅលើនោះថែមទៀតដោយគ្មានញញើតខ្មែរដែលជាម្ចាស់ដើមសូម្បីបន្តិច។
ទីតាំងដែលថៃបានសាងសង់ប្រាសាទព្រះវិហារចម្លងនោះមានឈ្មោះថា เมืองโบราณ ប្រែថាទីក្រុងបុរាណ (មឿងបុរាណ) ស្ថិតនៅក្នុងខេត្តសមុទ្រប្រាកាន មានចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគខាងត្បូងរាជធានីបាងកក បើធ្វើដំណើរតាមរថយន្តប្រហែលចាយពេល១ម៉ោង។ ការសាងសង់ប្រាសាទចម្លងគឺធ្វើឡើងលើផ្ទៃដីជាង២០០ហិចតា។
ការសាងសង់ទីតាំងខាងលើគឺមានការសហការគ្នារវាងស្ថាបត្យករថៃឈ្មោះ ឡេក វិរ៉ាយ៉ាផាន់ ជាមួយសារមន្ទីរក្រុងបាងកក ដើម្បីធានាថាការចម្លងគឺដូចទៅនឹងប្រាសាទដើម។ មឿងបុរាណត្រូវបានរៀបចំសាងសង់នៅឆ្នាំ១៩៦៣ពោលគឺ១ឆ្នាំប៉ុណ្ណោះក្រោយថៃចាញ់ក្ដីកម្ពុជានៅតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ក្នុងឆ្នាំ១៩៦២។
គួរបញ្ជាក់ថាប្រាសាទភ្នំព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុង ភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ មិនអាចរកដំណោះស្រាយបាន កម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្តង ដោយបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឲ្យកម្ពុជា និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទ៕